ដោយៈ សុផារី
ភ្នំពេញៈ មន្ត្រី និងអ្នកជំនាញកម្ពុជាបានលើកឡើងថា គម្រោងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (One Belt One Road Initiative) របស់ប្រទេសចិន បាននិងកំពុងជំរុញយ៉ាងច្រើន ដល់សេដ្ឋកិច្ចកម្ពុជា និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនក្នុងប្រទេស។
ផ្នែកមួយនៃគម្រោងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក្នុងប្រទេសកម្ពុជា រួមមាន គម្រោងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ រោងចក្រវារីអគ្គិសនី ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ និងការផ្គត់ផ្គង់ទឹកនៅទីជនបទ និងគម្រោងផ្សេងៗទៀត។
លោក វ៉ាស៊ីម សូរិយា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់សារព័ត៌មានស៊ីនហួ នៅថ្ងៃទី៨ ខែឧសភានេះថា “គម្រោងខាងលើទាំងនេះបានផ្តល់ និងបន្តផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជាច្រើន ដល់សេដ្ឋកិច្ច និងប្រជាជនកម្ពុជា”។
លោកបានមានប្រសាសន៍ថា “គម្រោងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បង្ហាញពីភាពស្មោះស្ម័គ្រ ដោយគ្មានចំណងចងណាមួយ និងមានគោលបំណង ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង”។
លោក សូរិយា បានបន្តថា ទោះបីរងផលប៉ះពាល់ ពីជំងឺរាតត្បាតកូវីដ១៩ក្តី គម្រោងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវទាំងអស់នៅកម្ពុជាបានដំណើរការទៅមុខយ៉ាងរលូន ជាក់ស្តែង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុតម្លៃ២ពាន់លានដុល្លារ។
លោកបានបន្តថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ផ្តើមតាំងពីនៅឆ្នាំ២០១៩ និងត្រូវបានរំពឹងថានឹងរួចរាល់ទាំងស្រុង តាមការគ្រោងទុកនៅក្នុងឆ្នាំនេះ ព្រមទាំងបានបង្កើតការងារជាង៣ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា ក្នុងអំឡុងពេលសាងសង់។
លោកបានបន្ថែមថា “ផ្លូវល្បឿនលឿនប្រវែង១៩០គីឡូម៉ែត្រ គឺជាគម្រោងធំបំផុតក្រោម “គម្រោងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” នៅកម្ពុជា ហើយវានឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ព្រោះគម្រោងនេះភ្ជាប់រាជធានីភ្នំពេញទៅកំពង់ផែទឹកជ្រៅ លំដាប់អន្តរជាតិក្នុងខេត្តព្រះសីហនុ”។
លោកបន្តថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៣ គម្រោងបានជំរុញយ៉ាងខ្លាំង នូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឱកាសវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
លោកបានបន្ថែមថា “ជាទូទៅគម្រោងក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវបានផ្តល់ឱកាស និងអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេស ដែលចូលរួមទាំងអស់នៅជុំវិញពិភពលោក ដោយជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកក្នុងអំឡុង និងក្រោយវិបត្តិជំងឺ”។
ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) គឺជាឧទាហរណ៍ដ៏ល្អ នៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ក្រោមគម្រោងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។
លោកបានប្រាប់សារព័ត៌មានស៊ីនហួរថា “SSEZ បានផ្តល់ការងារជាច្រើនដល់កម្មករ និងធ្វើជាគំរូសម្រាប់ឧស្សាហកម្មជាចង្កោម និងជាមូលដ្ឋានសម្រាប់ការនាំចេញ” ។
យោងតាមរបាយការណ៍របស់ប្រតិបត្តិករ SSEZ បានកត់ត្រាពីកំណើនចំនួន៤២ភាគរយ ធៀបនឹងឆ្នាំកន្លងទៅនៃតម្លៃនៃការនាំចូល និងការនាំចេញ ដែលឈានដល់ ២,២ពាន់លានដុល្លារក្នុងឆ្នាំ២០២១។
លោកមានប្រសាសន៍ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានសារៈប្រយោជន៍ ក្នុងការកាត់បន្ថយពេលវេលាធ្វើដំណើរ និងថ្លៃដឹកជញ្ជូន ដោយធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ភ័ស្តុភារ និងបង្កើនសកម្មភាពនាំចូលនាំចេញរវាងកម្ពុជា និងពិភពលោក ជាពិសេសប្រទេសចិន។
លោក នាគ ចាន់ដារិទ្ធ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃកម្ពុជា បានមានប្រសាសន៍ថា BRI បាននិងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដូចជា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ ផែនការមេកែលម្អប្រព័ន្ធភ័ស្តុភារ និងតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ក្នុងក្រុងឆ្នេរសមុទ្រព្រះសីហនុ។
លោកបានមានប្រសាសន៍ថា “គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។ លោកបន្ថែមថា “គម្រោង BRI នឹងរួមចំណែកសំខាន់ ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោយវិបត្តិកូវីដ១៩ចប់”។
គម្រោង BRI ដែលជាឯកសារយោង ទៅកាន់ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ត្រូវបានផ្តួចផ្តើមដោយប្រទេសចិនក្នុងឆ្នាំ២០១៣ ដើម្បីកសាងបណ្តាញពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អាស៊ីជាមួយអឺរ៉ុប និងអាហ្រ្វិក បន្ថែមលើផ្លូវពាណិជ្ជកម្ម ផ្លូវសូត្របុរាណ៕