ដោយៈសុខុម
ឌូបៃ: ប្រទេសអារ៉ាប៊ីសាអូឌីត មានគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ឱ្យលើសពី៧០លាននាក់នៅឆ្នាំនេះ បន្ទាប់ពីទាក់ទាញភ្ញៀវទេសចរបានរហូតដល់ទៅ៦២លាននាក់កាលពីឆ្នាំមុន។ នេះបើយោងតាមមន្ត្រីទេសចរណ៍មួយរូបបានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី៩ ខែឧសភា។
ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាគោលដៅទេសចរណ៍សាសនា ដ៏សំខាន់មួយ ដែលមានមនុស្សរាប់លាននាក់ ទៅលេងទីក្រុងពិសិដ្ឋចំនួន២ក្នុងសាសនាអ៊ីស្លាម គឺក្រុង Mecca និងក្រុង Medina ជារៀងរាល់ឆ្នាំដើម្បីធ្វើធម្មយាត្រា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជាណាចក្រមួយនេះបានចាប់ផ្តើមជំរុញវិស័យទេសចរណ៍យ៉ាងផុសផុល ជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យលើសពីប្រេង។
ចំនួនភ្ញៀវទេសចរបានកើនឡើង១៣០% ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ បើធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំ២០១៩។ នេះបើយោងតាមនាយកប្រតិបត្តិនៃអាជ្ញាធរ ទេសចរណ៍អារ៉ាប៊ីសាអូឌីត លោក Fahd Hamidaddin នាយកប្រតិបត្តិអាជ្ញាធរទេសចរណ៍អារ៉ាប៊ីសាអូឌីត បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍មួយដែលធ្វើឡើងនៅខាងក្រៅព្រឹត្តិការណ៍ “ទីផ្សារទេសចរណ៍អារ៉ាប់” (Arabian Travel Market) ដែលរៀបចំឡើងនៅទីក្រុងឌូបៃ។
លោកថ្លែងថា “ខ្ញុំយល់ថា ទេសចរណ៍ក្នុងស្រុករបស់យើងបានឈានដល់កម្រិតខ្ពស់ មិនធ្លាប់មានកាលពីឆ្នាំមុន ខណៈទេសចរណ៍ទូទាំងពិភពលោកកំពុងងើបឡើងវិញ យើងទទួលបានលទ្ធផលល្អជាងគេ នៅក្នុងតំបន់ ដោយយើងសម្រេចបាន៧២% នៃកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩”៕ Reuters៕