ក្រុម​ហ៊ុន CRBC ចិនដេញថ្លៃបាន​គម្រោងជុសជុលផ្លូវជាតិលេខ៤១ និងគ្រោងបើកការដ្ឋាននាពេលខាងមុខ

0

ដោយ៖ សុផារី

 

កំពង់ស្ពឺ៖ ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ទទួលបានសិទ្ធដេញថ្លៃ លើគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៤១ តភ្ជាប់រវាងផ្លូវជាតិលេខ៤ និងខេត្តកំពត ហើយគ្រោងនឹងបើកការដ្ឋាន នាពេលខាងមុខ។

បើតាម​លិខិតបំភ្លឺរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានចុះផ្សាយនៅដើមសប្តាហ៍នេះ ​បាន​ឱ្យ​ដឹងថា កំណាត់ផ្លូវជាតិលេខ៤ ចាប់ពីថ្ងៃទៅ០១ ខែមករា ឆ្នាំ២០២២មក ខ្សែផ្លូវនេះស្ថិតក្នុងគម្រោងជួសជុល ពង្រីកស្តារឡើងវិញ ក្រោមហិរញ្ញប្បទានធនាគាពិភពលោក (World Bank)។ បច្ចុប្បន្ន ការដ្ឋានកំពុងដំណើរការ ហើយការងារជួសជុលថែទាំ ជាភារកិច្ចរបស់ក្រុមហ៊ុនដេញថ្លៃបាន។

 

ផ្លូវជាតិលេខ៤១ ចាប់ពីផ្សារថ្នល់ ទទឹងចំណុចប្រសព្វនៃផ្លូវជាតិ លេខ៤ ខេត្តកណ្តាល កាត់ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ទៅដងទង់ខេត្តកំពត មានប្រវែងសរុបជាង៩៥គីឡូម៉ែត្រ ជាប្រភេទក្រាលកៅស៊ូពីរជាន់ (DBST) បានបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៤ និងដាក់ឱ្យប្រើប្រាស់នៅខែមិថុនា ឆ្នាំ២០១៥ ដោយចំណាយថវិកាសរុបប្រមាណ៤៦លានដុល្លារ។

មកដល់បច្ចុប្បន្ន ផ្លូវនេះបានរងការខូចខាត ដោយសារការបើកបរលើសកម្រិត ទម្ងន់កំណត់ គួបផ្សំនឹងស្ថានភាពផ្លូវមានកម្រិតទាប និងលិចលង់ ដោយជំនន់ទឹកភ្លៀង ដែលតម្រូវឱ្យធ្វើការជួសជុលលើកកម្ពស់ឡើងវិញ ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍។

លិខិតដដែលបញ្ជាក់បន្ថែថា “កំណាត់ផ្លូវជាតិលេខ៤១ ខ្សែផ្លូវនេះស្ថិតក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីសាធារណរដ្ឋប្រជាមានិតចិន ហើយក្រុមហ៊ុនដេញថ្លៃបាន CRBC បានសន្យាថានឹងចុះជួសជុល ឆាប់ៗខាងមុខនេះ ហើយគ្រោងនឹងបើកការដ្ឋាន នៅពេលវេលាសមស្របណាមួយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here