Apple ប្រកាសឈប់ផលិតឧបករណ៍ចាក់តន្ត្រីដ៏ល្បីល្បាញ iPod ក្រោយបម្រើអារម្មណ៍អ្នកស្ដាប់២១ឆ្នាំ

0

ដោយៈសុខុម

អាមេរិកៈ ក្រុមហ៊ុនអាមេរិក Apple បានប្រកាសឈប់ផលិតឧបករណ៍ចាក់តន្ត្រី ដ៏ល្បីល្បាញរបស់ខ្លួនគឺ iPod Touch ដែលទទួលបានការកោតសរសើរពាសពេញពិភពលោក ចំពោះការនាំមកនូវបទពិសោធន៍ស្ដាប់តន្ត្រីដ៏ថ្មីសន្លាងមិនធ្លាប់មានពីមុនមក។


នៅពេលផលិតផល iPod ដំបូងត្រូវបានចេញលក់នៅលើទីផ្សារក្នុងឆ្នាំ២០០១ វាអាចផ្ទុកចម្រៀងបានចំនួន១.០០០បទ។ ប៉ុន្តែបច្ចុប្បន្នមានបទចម្រៀងរហូតដល់ទៅជាង៩០លានបទនៅលើសេវាកម្មតន្ត្រី (Music Streaming Service) របស់ Apple។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែឧសភា។

ឧបករណ៍ចាក់តន្ត្រី iPod Touch ត្រូវបានឌីហ្សាញឡើងដោយក្រុមតែមួយ ដែលក្រោយមកបានបង្កើតផលិតផលទូរស័ព្ទ iPhone ដែលមានប្រជាប្រិយភាពវ៉ាដាច់ iPod យ៉ាងឆាប់រហ័ស។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក Apple បានដំឡើងកម្រិត (Update) iPod ចុងក្រោយក្នុងឆ្នាំ២០១៩។

មានម៉ូឌែល iPod ផ្សេងៗគ្នាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះរួមទាំងម៉ូឌែល Nano និងម៉ូឌែល Shuffle ផងដែរ ប៉ុន្តែម៉ូឌែល iPod Touch ដែលត្រូវបានចេញលក់ក្នុងឆ្នាំ២០០៧ គឺជាម៉ូឌែលចុងក្រោយ ដែលក្រុមហ៊ុនប្រកាសឈប់ផលិតថ្មីតទៅទៀត។

ក្រុមហ៊ុន Apple និយាយថា ផលិតផលឧបករណ៍ចាក់តន្ត្រី iPod Touch នៅតែមានលក់ររហូតដល់អស់ពីស្តុក៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here