ដោយៈ សុផារី
វៀតណាមៈ ក្រុមហ៊ុន Aeon Mall ប្រទេសវៀតណាម គ្រោងបោះទុនវិនិយោគ ទំហំទឹកប្រាក់១៧០លានដុល្លារអាមេរិក សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងរបស់ខ្លួន នៅក្នុងតំបន់កណ្តាល គឺ Aeon Mall Heu ដែលមានទំហំសរុបជាង៨ម៉ឺនម៉ែត្រការ៉េ នៅក្នុងតំបន់ទីក្រុងថ្មី អាន វ៉ាន់ឌឿង របស់ខេត្ត ធូ ធៀន ហឿ (Thua Thien Hue)។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ក្នុងស្រុកវៀតណាម VNS នៅថ្ងៃទី១០ ខែឧសភាកន្លងមកនេះ។
ប្រភពដដែលបានលើកឡើងថា ផែនការនេះ ត្រូវបានទទួលយកដោយអាជ្ញាធរមូលដ្ឋានខេត្ត ធូ ធៀន ហឿ កាលពីដើមខែឧសភា ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសវៀតណាម និងប្រទេសជប៉ុន។
អាជ្ញាធរមូលដ្ឋានខេត្ត និងក្រុមហ៊ុន អ៉ីអនម៉លវៀតណាម បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា លើការអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម ដើម្បីជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគពីប្រទេសជប៉ុនមកកាន់ទីក្រុង ហឿ។
កាលពីខែមេសាកន្លងទៅ ក្នុងជំនួបជាមួយអគ្គកុងស៊ុលជប៉ុន ភាគីវៀតណាម តំណាងដោយថ្នាក់ដឹកនាំខេត្ត បានអំពាវនាវឱ្យមានការវិនិយោគពីប្រទេសជប៉ុន មកកាន់មូលដ្ឋានខេត្តក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម សេវាកម្ម និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។
ជាមួយគ្នានេះ សភាពាណិជ្ជកម្មអាមេរិក និង ខេត្ត ធូ ធៀន ហឿ ក៏បានព្រមព្រៀងគ្នា ក្នុងការជំរុញទំនាក់ទំនងរវាងធុរកិច្ចមកពី សហរដ្ឋអាមេរិក និងខេត្ត ដើម្បីលើកកម្ពស់ទីក្រុងហឿ ជាតំបន់កំណើនសេដ្ឋកិច្ចបៃតងនាពេលអនាគត។
ទីក្រុងហឿ និងទីក្រុងដាណាង គឺជាមជ្ឈមណ្ឌលទេសចរណ៍ពីរ នៅភាគកណ្តាលវៀតណាម ដែលជាគោលដៅជាទីពេញចិត្ត របស់អ្នកវិនិយោគ មកពីបណ្តាប្រទេសអឺរ៉ុប ជប៉ុន សហរដ្ឋអាមេរិក ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ ភស្តុភារ ការថែទាំសុខភាព និងកសិកម្មជឿនលឿន ខណៈតំបន់ទាំង២នេះ ស្ថិតនៅលើផ្លូវជាតិ មានប្រព័ន្ធផ្លូវដែក កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងតំបន់ធំៗ សម្រាប់ការអភិវឌ្ឍតំបន់ឧស្សាហកម្ម៕