ដោយៈសុខុម
អន្តរជាតិ: ក្រុងវ៉ាស៊ីនតោន បាននិងកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅថ្ងៃទី១២-១៣ ខែឧសភា នេះដើម្បីសម្លឹងរកឱកាសពង្រឹង កិច្ចសហប្រតិបត្តិការឡើងវិញក្នុងវិស័យសំខាន់ៗ។
កិច្ចសហប្រតិបត្តិការទាំងនោះ រួមមាន ទាំងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ និងសន្តិសុខសុខាភិបាលពិភពលោក ការងើបឡើងវិញនៃសេដ្ឋកិច្ច ការតភ្ជាប់ ការអភិវឌ្ឍធនធានមនុស្ស និងនិរន្តរភាព បម្រែបម្រួលអាកាសធាតុ ព្រមទាំងបញ្ហាសន្តិសុខ ដែលជាផលប្រយោជន៍ និងជាក្ដីបារម្ភរួមដូចជាបញ្ហាសមុទ្រចិនខាងត្បូង សន្តិសុខដែនសមុទ្រ និងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
កិច្ចប្រជុំកំពូលពិសេសនេះ ត្រូវបានគេមើលឃើញថា ជាឱកាសដ៏ល្អសម្រាប់ភាគីទាំង២ រកឱ្យឃើញនូវបញ្ហាសំខាន់ៗទាំងនេះ ដែលនឹងកំណត់ឡើងវិញ នូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន នាពេលអនាគត។ ភាគីទាំង២ចាំបាច់ត្រូវធានា នូវការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហការគ្នាកាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយដោយប្រសិទ្ធភាពខ្ពស់ នូវក្ដីកង្វល់ដែលកើតចេញពីការផ្លាស់ប្តូរ បរិយាកាសភូមិសាស្ត្រនយោបាយ។
មានការរំពឹងទុកថា រដ្ឋការប្រធានាធិបតី ចូ បៃឌិន នឹងបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុងវ៉ាស៊ីនតោន ចំពោះអាស៊ាន។
ដូចគ្នាដែរ ក្រុមមេដឹកនាំអាស៊ាន ក៏កំពុងទន្ទឹងចង់បានកិច្ចប្រជុំកំពូលមួយប្រកបដោយផ្លែផ្កា ជាពិសេសទាក់ទិននឹងយុទ្ធសាស្ត្រ តំបន់របស់សហរដ្ឋអាមេរិកតែម្ដង។
ច្បាស់ណាស់ថា អាស៊ាន កំពុងស្វះស្វែងបើកចំហតំបន់អាស៊ីអាគ្នេយ៍ ដែលសហរដ្ឋអាមេរិក អាចឈរជើងកាន់តែរឹងមាំ និងទូលំទូលាយជាងមុនក្នុងតំបន់កាន់តែធំជាង ដើម្បីទប់ឥទ្ធិពលរបស់មហាយក្សចិន ដែលកំពុងកើនឡើងឥតឈប់ឈរ។
ដើម្បីឱ្យកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នេះទទួលបានជោគជ័យជាផ្លែផ្កា លោក ចូ បៃឌិន ចាំបាច់ត្រូវបង្ហាញការបេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន ចំពោះអាស៊ាន និងទទួលស្គាល់សារៈសំខាន់របស់អាស៊ាន ចំពោះគោលនយោបាយការបរទេសអាមេរិក។
ទន្ទឹមនេះអាស៊ាន ក៏ចង់ឱ្យសហរដ្ឋអាមេរិក ក្លាយជាដៃគូសេដ្ឋកិច្ចដែលគួរទុកចិត្តបាន និងចង់បានព័ត៌មានលម្អិតបន្ថែមទៀតស្ដីពី ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) របស់ក្រុងវ៉ាស៊ីនតោន ផងដែរ៕ South China Morning Post៕