ដោយ វុត្ថា
ភ្នំពេញ : ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបជិត២៥០លានដុល្លាអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តន៍គម្រោងវិស័យអប់រំ គម្រោងកែលម្អគ្រប់គ្រង់បរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានជាមួយ លោកស្រី Sunniya Durrani-Jamal នាយិការស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ ជំនួយហិរញ្ញបប្បទាននេះ សម្រាប់បន្តអនុវត្តន៍គម្រោងចំនួន៤ នេះ សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ កម្រិតមធ្យមសិក្សាទុតិយភូមិជំហានទី២ គ្រោងចំណាយថវិការសរុបប្រមាណ ៥៣,៥០ លានដុល្លាអាមេរិក សម្រាប់អនុវត្តន៍យុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០១៤ ២០១៨ និងការព្យាករណ៍តម្រូវការអភិវឌ្ឍន៍វិស័យអប់រំឆ្នាំ២០២០ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដោយផ្តោតទៅលើកម្មវិធីគោលនយោបាយវិស័យអប់រំ កម្រិតមធ្យមសិក្សាទុតិយភូមិជំហានទី២ កម្មវិធីវិនិយោគដើម្បីបង្កើនប្រសិទ្ធភាព ប្រព័ន្ធអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ។
ចំណែកគម្រោងកែលម្អការគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាបជំហានទី២ គ្រោងចំណាយថវិកាសរុប៩៧,៧០លានដុល្លាអាមេរិក គឺសម្រាប់អភិវឌ្ឍន៍និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្រុងអទិភាពចំនួន៣ គឺក្រុងស្ទឹងសែន ក្រុងសិរីសោភ័ណ្ឌ និងក្រុងបាតដំបង រួមជាមួយការកសាងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ប្រព័ន្ធបណ្តាញលូ នឹងសាងសង់ទីលានចាក់សំរាម ។ ចំណែកគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គជំហានទី៤ គ្រោងចំណាយថវិការសរុបប្រមាណ ៨៨,៥០លានដុល្លាអាមេរិក គឺសម្រាប់ពង្រីកសេវាសាធារណៈនៅទីប្រជុំជន ដែលនឹងជួយលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការអភិវឌ្ឍន៍ក្រុងរបៀងចំនួន៣ គឺក្រុងកំពង់ចាម ក្រចេះ និងក្រុងស្ទឹងត្រែង ដែលជាក្រុងរបៀងនៃមហាអនុតំបន់មេគង្គ។
ដោយឡែកគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គជំហានទី២ គ្រោងចំណាយថវិការវិនិយោគសរុប ៣០,៨៩លានដុល្លាអាមេរិក ដោយគោលបំណងបង្កើនភាពទាក់ទាញវិស័យទេសចរណ៍ក្នុងខេត្តគោលដៅចំនួន២ គឺខេត្តកែប និងខេត្តព្រះសីហនុ ដោយបានផ្តោតទៅលើការធ្វើឲ្យប្រសើឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការកសាងកំពង់ផែខ្នាតតូចចំនួន២ ការធ្វើឲ្យប្រសើឡើងនូវអនាម័យទីក្រុង និងការកសាងសមត្ថភាពក្នុងការគ្រប់គ្រងកំណើនទេសចរណ៍ប្រកបដោយចីរភាព។
កិច្ចសហប្រតិបត្តិការ ADB បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៣,១៩ពាន់លានដុល្លារអាមេរិក ដោយគិតបញ្ចូលគម្រោងទាំង៤ ដែលបានចុះកិច្ចព្រមព្រៀងនៅក្នុងថ្ងៃនេះ ក្នុងនោះឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួន ២,៧០ពាន់លានដុល្លាអាមេរិក និងហិរញប្បទានឥតសំណង មានទឹកប្រាក់សរុប ៤៩០លានដុល្លាអាមេរិកផងដែរ៕