ដោយ៖ សុផារី
កំពង់ស្ពឺ៖ ក្រោយពីទទួលបានគម្រោងរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងនៅស្រុកសំរោងទងរួចមកហើយ រោងចក្រដំឡើងរថយន្តមួយទៀតកំពុងលេចរូបរាង នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ជូនដល់ក្រុមហ៊ុន GTV MOTOR CO., LTD. លើគម្រោងបង្កើតរោងចក្រដំឡើងរថយន្តថ្មីមួយ។
ក្រុមហ៊ុន GTV MOTOR CO., LTD. នឹងដំណើរការដំឡើងរថយន្តចំនួន៣ស្លាកយីហោ រួមមានរថយន្ត រថយន្ត DONGFENG ចំនួន១០ប្រភេទ រថយន្ត SOUEST ចំនួន៤ប្រភេទ និងរថយន្ត FAW ចំនួន៥ប្រភេទ។
រោងចក្រនេះមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦A និង ៦B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានទុនវិនិយោគប្រមាណ១៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៣៨កន្លែង។
នាពេលថ្មីៗនេះ ក្រុមហ៊ុន K (CAMBODIA) CO., LTD ក៏បានបោះទុនវិនិយោគប្រមាណ៧,៣លានដុល្លារអាមេរិក លើគម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺផងដែរ។
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន RMA Cambodia ក៏បានចាប់ផ្តើមដំណើរការផលិតកម្មរថយន្ត Ford ដែលជាក្រុមហ៊ុនដំឡើងរថយន្តទី១នៅក្នុងប្រទេសកម្ពុជា មានទីតាំងស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់ផងដែរ។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៦ ខែមិថុនាម្សិលមិញនេះ បានមានប្រសាសន៍ថា ការវិនិយោគក្រុមហ៊ុនដំឡើងរថយន្តទី១នៅក្នុងប្រទេសកម្ពុជា គឺជាគំរូនៃឱកាសជោគជ័យមួយ ដែលនឹងដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងលើកទឹកចិត្តដល់ការវិនិយោគទ្រង់ទ្រាយធំជាបន្តបន្ទាប់ទៀត ជាពិសេសការវិនិយោគនៅក្នុងវិស័យយានយន្ត នាពេលអនាគតទៀត។
លោកបានបញ្ជាក់ថា ការបង្កើតរោងចក្រដំឡើងរថយន្ត ពិតជាបានចូលរួមបង្កើនឱកាសការងារ និងកំណើនប្រាក់បៀវត្សរ៍ ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលជំនាញ និងបែបបទស្តង់ការងារលើគ្រប់កម្រិត ព្រមទាំងការផ្ទេរបច្ចេកវិទ្យាដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែច្រវាក់ផលិតកម្ម ដោយមិនមែនត្រឹមតែជាការជំរុញកំណើនសេដ្ឋកិច្ចជាតួលេខមួយមុខនោះឡើយ៕