អ្នកជំនាញអន្តរជាតិមើលឃើញពីផលវិបាកនៃការចាប់ផ្តើមគំរោងរថភ្លើងលើអាកាសឬក្រោមដីនៅភ្នំពេញ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលគំរោងសាងសង់ខ្សែរថភ្លើងលើអាកាស និងក្រោមដីបានសិក្សាបញ្ចប់ អ្នកជំនាញអន្តរជាតិបានលើកឡើង ពីផលវិបាកនៃការចាប់ផ្តើមគំរោងនេះ ដោយសារលក្ខខ័ណ្ឌមួយចំនួន។

គំរោងសាងសង់ខ្សែរថភ្លើងនេះ បានបញ្ចប់ហើយ និងត្រូវបានលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងឲ្យដឹងកាលពីសប្តាហ៍មុនថា គំរោងនេះ កំពុងត្រូវបានបញ្ចួនទៅសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជ្រើសរើសយកជម្រើ​សណាមួយ មុនពេលសម្រេចឲ្យមានការសិក្សា លើផែនការចំណាយជាក់លាក់។

អ្នកជំនាញអន្តរជាតិនៃក្រុមហ៊ុន លំដាប់យក្សមួយបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការសាងសង់ខ្សែរថភ្លើងនេះ អាចចំណាយប្រាក់ខ្ទង់ពាន់លានដុល្លារ ព្រោះក្រុមហ៊ុនដែលនឹងទទួលសាងសង់ខ្សែរថភ្លើងក្នុងជម្រើសណាមួយ នឹងត្រូវចំណាយលើថ្លៃដីរបស់ប្រជាពលរដ្ឋ ដែលមានតម្លៃខ្ពស់នៅទីក្រុងភ្នំពេញ ប៉ុន្តែបើសិនជារដ្ឋាភិបាលកម្ពុជាជួយផ្តល់ដី​ដល់ក្រយមហ៊ុន អ្វីៗនឹងអាចកើតឡើងឆាប់។

លោកបន្តថា “នៅប្រទេសថៃ វៀតណាម ម៉ាឡេស៊ី​ ហ្វីលីពីនជាដើម រដ្ឋាភិបាលប្រទេសនោះ ជាអ្នកផ្តល់ដីដល់ក្រុមហ៊ុនវិនិយោគ ដោយឥតគិតថ្លៃ”។លោកបន្តថា “ប៉ុន្តែតាមខ្ញុំដឹងនៅកម្ពុជា គឺក្រុមហ៊ុននឹងទទួលទិញដី​ប្រជាពលរដ្ឋដោយខ្លួនឯង ដែលធ្វើឲ្យគំរោងនេះ ពិបាកនឹងកើតឡើងណាស់”។

ជាមួយគ្នានេះ លោកក៏ប្រមើលមើលពីនិន្នាការ និងឥរិយាបទរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរថា តើពួកគេនឹងប្រើប្រាស់សេវាកម្មរថភ្លើងបែបនេះឬទេ? ព្រោះនៅពេលមានរថយន្តសាធារណៈ ក៏ប្រជាពលរដ្ឋភាគច្រើនមិនបានប្រើប្រាស់នៅឡើយ។

យ៉ាងណាអ្នកជំនាញអន្តរជាតិរូបនោះបានព្រមានថា រាជធានីភ្នំពេញ នឹងជួបបញ្ហាកកស្ទះចចរាចរណ៍ ដ៏អាក្រក់នៅរយៈពេល៥ឆ្នាំខាងមុខ ដែលស្ថានភាពនេះ អាចដូចនៅប្រទេសថៃ ដែលរថយន្តអាចគាំងនៅលើថងផ្លួវមិនអាចរំកិលបាន ព្រោះបច្ចុប្បន្នការកកស្ទះ បានកើតមានរួចទៅហើយ ស្របពេលចំនួនយានយន្តនៅរាជធានីភ្នំពេញ បានកើនឡើងយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here