ដោយៈសុផារី
សៀមរាបៈ ដំណើរត្រលប់មកវិញនៃទេសចរជាតិ និងអន្តរជាតិ បាននាំមកនូវក្តីសង្ឃឹម ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាអចលនទ្រព្យខេត្តសៀមរាប ក្រោយប្រឈមភាពស្ងប់ស្ងាត់អស់រយៈពេលជាង២ឆ្នាំ។
អ្នកជំនាញក្នុងមូលដ្ឋាននៃខេត្តសៀមរាបបានបង្ហើបថា ចរន្តទិញលក់អចលនទ្រព្យពីម្ចាស់ទី១ ទៅអ្នកទី២ មានសញ្ញាវិជ្ជមាន ទោះសកម្មភាពអភិវឌ្ឍន៍ហាក់មានភាពស្ងប់ស្ងាត់បន្តិចក្តី។
លោកកែវ សុធារ៉ា នាយកប្រតិបត្តិ KW សៀមរាប បានមានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះថា តាមរយៈការវិលត្រលប់មកវិញ នៃភ្ញៀវទេសចរអន្តរជាតិ ក្នុងកំឡុងរយៈពេលពីរខែចុងក្រោយនេះ នាំឱ្យសកម្មភាពអាជីវកម្មមានសន្ទុះឡើងវិញ ជំរុញឱ្យសកម្មភាពទិញលក់ ជួលអចលនទ្រព្យមានដំណើរការល្អប្រសើរ ជាលំដាប់។
លោកបញ្ជាក់ថា “សម្រាប់សកម្មភាពក្នុងខែឧសភា និងខែមិថុនា ការទិញលក់ ជួល ទ្រព្យពីម្ចាស់ទី១ទៅទី២ (Second property) មានសញ្ញាវិជ្ជមានគួរសម ដោយមានការចាប់អារម្មណ៍ ពីបងប្អូនខាងក្រៅខេត្ត ឬបងប្អូនខ្មែរនៅក្រៅប្រទេស ដែលសម្លឹងមើលឃើញពីផលចំណេញ នាពេលអនាគត”។
យ៉ាងណាក្តី អ្នកជំនាញអចលនទ្រព្យ នៃទឹកដីវប្បធម៌មួយនេះ បានបង្ហើបឱ្យដឹងថា ផ្ទុយពីកំណើននៃចរន្តទិញលក់អចលនទ្រព្យ សកម្មភាពនៃការអភិវឌ្ឍ ហាក់មានសភាពស្ងប់ស្ងាត់ ដោយសារតែតម្រូវការលំហូរសាច់ប្រាក់របស់វិនិយោគិន ក្នុងការប្រើប្រាស់សម្រាប់សកម្មភាពអាជីវកម្ម និងឥទិ្ធពលនៃសង្គ្រាមរុស្ស៊ី- អ៊ុយក្រែន។
លោកបានមានប្រសាសន៍ថា “ក្រលេកមើលដំណើរការគម្រោងនានា ហាក់មានភាពស្ងាត់បន្តិច ដោយសារខេត្តសៀមរាប បានចាប់ផ្តើមទទួលភ្ញៀវទេសចរឡើងវិញ ដែលធ្វើឱ្យអាជីវកម្មតូចធំជាច្រើន បានចាប់ផ្តើមបើកដំណើរការឡើងវិញ ដោយតម្រូវឱ្យអតិថិជនត្រូវការកញ្ចប់ថិវិកា ក្នុងការរៀបចំអាជីវកម្មរបស់ពួកគាត់ ដើម្បីត្រៀមទទួលភ្ញៀវចរណ៍ នៅចន្លោះខែកញ្ញា និងខែតុលាខាងមុខ។
លោកបន្តថា ម្យ៉ាងទៀត បញ្ហាសង្រ្គាមរុស្សី-អ៊ុយក្រែន នៅតែបន្តប៉ះពាល់ដល់សេដ្ឋកិច្ច ដោយវាបង្កើតជាអតិផរណាយ៉ាងខ្លាំង។
ជាមួយគ្នានេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ក៏បានមានប្រសាសន៍ថា ទោះបីទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា ប្រឈមនឹងវិបត្តិជំងឺផង និងវិបត្តិសេដ្ឋកិច្ចផង អ្នកវិនិយោគ នៅតែបន្តសកម្មភាពរបស់ខ្លួនបន្ទិចម្តងៗ។
លោកបន្តថា “សកម្មភាពនៃគម្រោងថ្មី ហាក់មានភាពការកើតឡើងយឺតបន្ទិច តែនេះមិនបានបង្ហាញពីសញ្ញាអវិជ្ជមាន នៃវិស័យអចលនទ្រព្យរបស់កម្ពុជានោះទេ ដោយអ្នកវិនិយោគនៅតែបន្ត ការទិញ លក់ជាហូរហែរ”។
លោកបានបន្តថា ទោះបីជាគម្រោងថ្មីកើតយឺតបន្ទិចក្តី វាមិនបានបង្ហាញពីសញ្ញាអវិជ្ជមានទេ។ អ្នកទិញលក់ដើម្បីផលចំណេញ នៅតែបន្តទិញ គ្រាន់តែកាត់បន្ថយមួយចំនួន ដោយសារតែលទ្ធផល និងអំណាចនៃការទិញ ធនធានមានកម្រិត៕