ដោយៈ ម៉ាលីនណា
ភ្នំពេញៈ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ ប.ស.ស. បានមានប្រសាសន៍ឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខតទៅ នឹងចាប់ផ្តើមឲ្យសហគ្រាស គ្រឹះស្ថាន បង់ជាភាគទានក្នុងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។
ការផ្តល់ប្រាក់សោធននិវត្តន៍នេះ ធ្វើឡើងសម្រាប់បុគ្គលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារ ខណៈដែលរបបនេះបានដាក់ឲ្យអនុវត្តនៅដើមខែកក្កដានេះ។
លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនាថ្ងៃទី៤ កក្កដានេះថា អនុក្រឹត្យថ្មីដែលមាន១០ជំពូក និង៤០មាត្រា ដែលបានអនុម័តកាលពីដើមខែមីនា ក្នុងការផ្តល់ប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយនាំឲ្យបុគ្គលិកក្នុងវិស័យឯកជន អាចទទួលបានអត្ថប្រយោជន៍នេះ ដូចនឹងបុគ្គលិកក្នុងវិស័យរដ្ឋដែរ។
អនុក្រឹត្យនេះមានវិសាលភាព អនុវត្តន៍ចំពោះបុគ្គលទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារ ដោយរាប់បញ្ចូលទាំងបុគ្គលដែលធ្វើការចាប់ពី ២កន្លែងឡើងទៅ។
លោកបានឲ្យដឹងទៀតថា ប ស ស ជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ។
លោកហេង សុផាន់ណារិទ្ធ បានលើកឡើងថា “ការប្រកាសក្នុងកក្កដា គឺដាក់ឲ្យអនុវត្តន៍ នៅពេលដែលដាក់ឲ្យសហគ្រាស គ្រឹះស្ថាន បង់ភាគទានគឺយើងនឹងមានចេញ ប្រកាសមួយទៀតនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ គឺចាប់ផ្តើមឲ្យសហគ្រាស គ្រឹះស្ថានបង់ភាគទាន ដូច្នេះសម្រាប់សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពកន្លងមក គឺអូតូម៉ាទិច ត្រូវបង់ភាគទានបន្ថែមលើប្រាក់សោធននុវត្តមួយទៀត។
លោកបន្តថា សម្រាប់ចន្លោះពេលពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ យើងនឹងចុះផ្សព្វផ្សាយសហគ្រាស នៅទូទាំងប្រទេសតែម្តង ដើម្បីចុះទៅពន្យល់សហគ្រាស គ្រឹះស្ថាន ដើម្បីឲ្យគាត់យល់ក៏ដូចជាកម្មករ និយោជិត ឲ្យគាត់យល់ពីកាតព្វកិច្ចគាត់ត្រូវបង់ភាគទានមក ប.ស.ស ដើម្បីទទួលបានប្រាក់សោធននិវត្តន៍នៅពេលអនាគត ហើយយើងគិតថារបបប្រាក់សោធននេះ មានផលចំណេញដល់កម្មករនិយោជិត ដោយសារមានបង់ជាភាគរយ នៃប្រាក់មធ្យមដូចនឹងរបបប្រាក់សង្គមកន្លងមក ប៉ុន្តែនិយោជកជួយបង់២ភាគរយ (សន្សំ)។
លោកបន្ថែមថា ដូចនេះយើងគិតថានឹងមិនមានបញ្ហាអ្វីទេ ដោយសារច្បាប់នេះ គ្រោងដាក់ឲ្យអនុវត្តឆ្នាំ២០១៩ ប៉ុន្តែដោយសារការរាតត្បាតជំងឺកូវីដ១៩ ធ្វើឲ្យពន្យារហូតមកដល់ពេលនេះ។ លោកបន្ថែមថា សម្រាប់ការអនុវត្តប្រាក់សោធននេះដែរ នឹងចាប់ពីអាយុ៦០ឆ្នាំ អញ្ចឹងប្រសិនបើគាត់អាយុ ៥០ឆ្នាំជាង នៅពេលគាត់ធ្វើការបានបន្តិចដល់អាយុ៦០ឆ្នាំចូលនិវត្តន៍ គាត់ក៏អាចទទួលបានរបបនេះបានដូចគ្នាដែរ៕