ដោយគង់ សូរិយា
ភ្នំពេញ: ស្របពេលទំនាក់ទំនងរវាងរដ្ឋាភិបាល និងសហព័ន្ឋអារ៉ាប់រួមកាន់តែពង្រីកនិងពង្រឹង លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា នេះជាជំហ៊ានដ៏ប្រសើរ ដើម្បីចាប់ផ្តើមនូវការពង្រីកការអភិវឌ្ឈកម្ពុជា។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ វិច្ឆិកានេះថា ការចាប់ផ្តើមទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាការចាប់ផ្តើមនូវការជំរុញនិងផ្លាស់ប្តូរពា ណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោកបន្តថា អ្វីៗចាប់ផ្តើមដំបូងគឺជាចំណងដៃ បីដូចយើងទៅលេងផ្ទះគេ គឺតែងតែទិញអំណោយជូនម្ចាស់ផ្ទះដូច្នេះដែរ ដូច្នេះចំណងដៃដែលអារ៉ាប់រួមផ្តល់ឲ្យយើង ជាចំណងដៃដើម្បីពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។
កាលពីសប្តាហ៍មុនព្រះអង្គម្ចាស់Amed Dalmook Al Maktoum ក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែន ព្រះអង្គម្ចាស់បានប្រកាសផ្តល់ឲ្យកម្ពុជា ធ្វើការនាំចេញទំនិញទៅលក់នៅសហព័ន្ឋអារ៉ាប់រួមតម្លៃ៥០០លានដុល្លារ ដោយមិនយកពន្ឋ ហើយព្រះអង្គម្ចាស់ក៏មានបំណងវិនិយោគលើវិស័យឧស្ម័ន អចលនទ្រព្យ និងវិស័យជាច្រើនទៀតនៅកម្ពុជាផងដែរ។
លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងទៀតថា ការពិតទំនាក់ទំនងពា ណិជ្ជកម្មរវាងប្រទេសទាំងពីរកន្លងមក និងជាមួយបណ្តាប្រទេសនៅពិភពអារ៉ាប់ជាច្រើនទៀតនៅមានកម្រិត ប៉ុន្តែប្រទេសទាំងពីរមានសក្តានុពលជាច្រើនទៀត ក្នុងការពង្រីកទំហំពាណិជ្ជកម្ម ពិសេសវិស័យកសិកម្មកម្ពុជាមានសក្តានុពលក្នុងការនាំចេញ ព្រោះប្រ
ទេសអារ៉ាប់រួម ត្រូវការផលិតផលកសិកម្មច្រើន។
ចំណុចពិសសមួយទៀត អារ៉ាប់រួមមានបទពិសោធន៍ច្រើនលើការអភិវឌ្ឍវិស័យប្រេង និងឧស្ម័ននានា ហេតុនេះកម្ពុជាអាចសហការជាមួយពួកគេដោយរឿងនេះ ព្រោះកម្ពុជាទោះជាបានអភិវឌ្ឍន៍វិស័យនេះក្តី តែយើងមិនទាន់អាចយកធនធានទាំងនោះបាននៅឡើយ។
លោកបន្តថា អ្នកវិនិយោគពីអារ៉ាប់ពួកគេអាចមកស្វែងយល់ថា កម្ពុជាអាចទទួលយកសាសនាពួកគេបានឬទេ ព្រោះបញ្ហាសាសនាក៏ជារឿងមួយធំផងដែរ ប៉ុន្តែកម្ពុជាមានភាពអំណោយផល ដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាប្រកាសហើយថា កម្ពុជាមិនមានការប្រកាន់សាសនាណាមួយនោះទេ គឺយើងជាប្រទេសបើកចំហទាំងសិទ្ឋនៃជំនឿ និងសេដ្ឋកិច្ច៕