ប្រទេសថៃស្នើសម្តេចតេជោ ហ៊ុន សែន ពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកទេសនិងវិទ្យាសាស្ត្ររវាងប្រទេសទាំងពីរ

0

ដោយៈសុផារី

ភ្នំពេញៈ លោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ (Anek Laothammatas) រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ បានបង្ហាញស្វែងរកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយកម្ពុជា លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខាភិបាល។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ បានជម្រាបសម្តេចតេជោ ពីបំណងរបស់លោកក្នុងដំណើរទស្សនកិច្ច នៅកម្ពុជានាពេលនេះ ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរជាមួយកម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខាភិបាល។

ដើម្បីពង្រឹងដល់កិច្ចសហប្រតិបត្តិការនេះ លោក អនេក ប្រកាសផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស នៅតាមសកលវិទ្យាល័យល្បីរបស់ថៃ។

លោកក៏អនុញ្ញាតឱ្យអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រកម្ពុជា ទៅចូលរួមសិក្សា និងស្រាវជ្រាវលើវិស័យជាច្រើន រួមទាំង វិស័យតារាសាស្ត្រ ជីវសាស្ត្រ អាហារសាស្ត្រ និងវិស័យដទៃទៀតនៅក្នុងប្រទេសថៃ និងបានអញ្ជើញប្រតិភូកម្ពុជាទស្សនកិច្ចផ្លូវការនៅថៃ ពិនិត្យលទ្ធភាពពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចធ្វើទៅបាន ជាពិសេសលើវិស័យអប់រំ។

លោកបណ្ឌិតសាស្ត្រចារ្យ ក៏បានបង្ហាញបំណងពង្រឹងកិច្ចសហប្រតិ​បត្តិការ លើវិស័យសុខាភិបាល ជាពិសេសលើជំនាញឯកទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តល់អាហារូបករណ៍ និងកិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខាភិបាល។

សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាត្រូវការនិស្សិតសិក្សាជំនាញថ្នាក់អនុបណ្ឌិត និងបណ្ឌិតផ្នែកបច្ចេកទេស និងការស្រាវជ្រាវ។ ក្នុងន័យនេះសម្តេចតេជោ បានស្នើសុំឱ្យមានការបន្តពិភាក្សា ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យបានល្អ និងកាន់តែស៊ីជម្រៅ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទស្សនកិច្ចនៅប្រទេសថៃ តាមការអញ្ជើញរបស់លោក អនេក ដើម្បីស្វែងយល់ និងពង្រឹងកិច្ចសហប្រតិបត្តិការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here