សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខេត្តបាត់ដំបងនិងប៉ៃលិនពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រវាងខេត្តទាំងពីរ

0

ដោយ៖ សុផារី

បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលខេត្តបាត់ដំបង ណែនាំឱ្យអភិបាលខេត្តបាត់ដំបង និងប៉ៃលិន ពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រក្នុងតំបន់សមាហរណកម្ម-អតីតសមរភូមិ ជាព្រំប្រទល់រវាងខេត្តទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ដោយបានបញ្ជាឱ្យ លោក សុខ លូ អភិបាលខេត្តបាត់ដំបង សូមកាត់ដីក្នុងដែនរដ្ឋបាលរបស់ខ្លួនជាប់នឹងខេត្តប៉ៃលិន គឺតំបន់សមាហរណកម្ម-អតីតសមរភូមិ ទៅឱ្យរដ្ឋបាលខេត្តប៉ៃលិនគ្រប់គ្រងវិញ ដើម្បីមានភាពងាយស្រួល យើងមិនអាចធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពមិនច្បាស់លាស់បាននោះទេ។

 

សម្តេចព្រមានថា “ប្រសិនបើ២អាទិត្យទៀត ធ្វើមិនចេញខ្ញុំទៅតែម្តងព្រោះវាមិនមែនកាត់ដីឲ្យបរទេសឯណា។ ភូមិហ្នឹងជាភូមិបងប្អូនធ្វើសមាហរណកម្ម ដល់ចេញមកបងប្អូនមួយចំនួនគាត់នៅប៉ៃលិន មួយចំនួននៅបាត់ដំបង ហើយបាត់ដំបងដីធំណាស់ កាត់ឲ្យប៉ៃលិនប៉ុន្មានពាន់ហិចតាហ្នឹងទៅ ដើម្បីឲ្យប្រជាជនគាត់ចុះឈ្មោះបោះឆ្នោតនៅកន្លែងដដែល ឬផ្ទេរឈ្មោះទៅប៉ៃលិន”។

 

សម្តេចតេជោបន្តថា “ខាងនេះក៏មិនចេញបណ្ណកម្មសិទ្ធ ខាងនោះក៏មិនមានសិទ្ធ។ បាត់ដំបងអត់ចេញបណ្ណកម្មសិទ្ធិឲ្យទេ ហើយនៅកាន់កាប់ធ្វើអ្វីទៀត។… បើធ្វើមិនទាន់ទេ ខ្ញុំនឹងចុះក្នុងរយៈពេល២អាទិត្យទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here