ដោយៈ ជេស៊ីកា
ភ្នំពេញៈ ស្របពេលអំណាចនៃការទិញកំពុងកើនឡើង ជាមួយនឹងកំណើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្រុមហ៊ុនPTTបាននិងកំពុងត្រៀមបង្ហាញ ហាងកាហ្វេAmazonតាមទម្រង់ថ្មី ដែលមានទំហំធំជាងមុន។
ហាងកាហ្វេAmazonថ្មី នឹងបង្ហាញខ្លួននៅក្នុងខ័ណ្ឌទួលគោក ដែលមានទីតាំងនៅជិតនឹងផ្សារទំនើបTK Avanue ដោយបច្ចុប្បន្នក្រុមហ៊ុនPTTកំពុងជួលដី នៅលើផ្លូវកែងមួយរយៈពេល១០ឆ្នាំ ដើម្បីបង្ហាញពីហាងកាហ្វេទម្រង់និងរូបរាងថ្មីរបស់ខ្លួន។
យោងតាមប្រភពព៌តមាន ពីថ្នាក់ដឹកនាំក្រុមហ៊ុននេះនៅប្រទេសថៃ ដែលបាននិយាយក្នុងលក្ខខ័ណ្ឌ មិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ហាងថ្មីនេះបាននិងកំពុងពង្រីកវត្តមាន នៅប្រទេសថៃផងដែរ ដោយហាងថ្មីនេះ មានទំហំធំជាងហាងកាហ្វេAmazon ធម្មតានាពេលបច្ចុប្បន្ននេះ។
ប្រភពដដែលបានឲ្យដឹងទៀតថា ហាងថ្មីនេះ នឹងមិនត្រឹមតែផ្តោតលើកាហ្វេដូចហាងបច្ចុប្បន្ននេះនោះទេ ប៉ុន្តែហាងថ្មីនេះនឹងផ្តោតលើអាហារ ភេសជ្ជៈសម្បូរបែបជាងមុន និងក្លាយជាកន្លែង ដែលអាចឲ្យអ្នកធុរកិច្ចនានាអាចអង្គុយ និងជជែកពីការងារបាន។
ក្រុមហ៊ុនPTT បាននិងកំពុងត្រៀមចចាទិញដីទំហំ៣ហិកតា ដើម្បីបង្កើតការិយាល័យកណ្តាល នៅរាជធានីភ្នំពេញហើយ ប៉ុន្តែប្រភពខាងលើបានបដិសេធមិនទាន់បង្ហាញទីតាំងនៅឡើយ។
ប្រភពដដែលបានបន្តថា ក្រុមហ៊ុនដ៏ធំនេះបាន និងកំពុងត្រៀមបោះទុនប្រមាណ១០០លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកការប្រកួតប្រជែង និងវិនិយោគជាមួយដៃគូសំខាន់ៗរបស់ពួកគេ ដូចជាហាង7-Elevan, Jeffery ដើម។
បច្ចុប្បន្ននេះក្រុមហ៊ុនលក់រាយធំៗជាច្រើន បាននិងកំពុងពង្រីកនិងចាប់យកចំណែកទីផ្សារនៅកម្ពុជាយ៉ាងច្រើន ដូចជា ផ្សារបោះដុំនិងលក់រាយ MaKRO, Big C, 7-Elevanជាដើម៕