ដោយ: លាងហួរ
វ៉ាស៊ីនតោន: មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានឱ្យដឹងថា ប្រធានាធិ បតីចូ បៃដិន នឹងប្រកាសនៅថ្ងៃពុធ ទី១៩ ខែតុលានេះអំពីការបញ្ចេញប្រេងពីស្តុកចំនួន១៥លានបារ៉ែលចុងក្រោយ ទៅលើទីផ្សារហើយសហរដ្ឋអាមេរិកនឹងអាចបញ្ចេញប្រេងបន្ថែមទៀត ប្រសិនបើតម្លៃថាមពលបន្តកើនឡើង។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា ប្រេងថ្មីដែលបញ្ចេញពីស្តុកបម្រុងប្រេងយុទ្ធសាស្ត្រ នឹងមានចំនួន១៨០លានបារ៉ែល សម្រាប់និទាឃរដូវ ដើម្បីឆ្លើយតបទៅនឹងការឡើងថ្លៃប្រេង ដែលទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
បទបញ្ជាដែលលោកបៃដិន នឹងប្រកាសនៅក្នុងសុន្ទរកថា មានន័យថាប្រធានាធិបតីនឹង បញ្ជាក់យ៉ាងច្បាស់ថារដ្ឋបាលសហរដ្ឋអាមេរិក ត្រូវបានរៀបចំ ដើម្បីលក់ប្រេងបន្ថែមនៅរដូវរងានេះ ប្រសិនបើមានតម្រូវការ ដោយសារតែរុស្ស៊ី ឬសកម្មភាពផ្សេងទៀតបានរំខាន ដល់ទីផ្សារពិភពលោក។
ក្រុមហ៊ុននាំចេញថាមពលដ៏ធំរបស់រុស្សី បានរងការវាយប្រហារដោយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបភ្លាមៗបន្ទាប់ពីរុស្ស៊ី បានលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ដែលបង្កឱ្យមានភាពចលាចលលើទីផ្សារ។
លើសពីនេះ វិមានក្រឹមឡាំងបានគំរាម ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើការផ្គត់ផ្គង់ថាមពល ជាអាវុធសេដ្ឋកិច្ចប្រឆាំងនឹងលោកខាងលិច ដែលបានគាំទ្រដល់ការប្រយុទ្ធរបស់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ខ្លួន។
លោកចូ បៃដិនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាក្នុងប្រទេស ដោយតម្លៃសាំងស្ថិតនៅចំណុចមួយ ជាមធ្យមលើសពី៥ដុល្លារអាមេរិកក្នុង១ហ្គាឡុង(ប្រហែល៣,៧៨៥លីត្រ) ដែលបង្កឱ្យពលរដ្ឋមានកំហឹងទូទាំងប្រទេស។
ខណៈតម្លៃប្រេងមានកម្រិតល្មម ចាប់តាំងពីពេលនោះមក អតិផរណានៅតែជាកត្តាដ៏ធំបំផុត ដែលជំរុញឱ្យគណបក្សសាធារណរដ្ឋ មានសង្ឃឹមក្នុងការយកឈ្នះគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកាខាងមុខ៕