ដោយៈ គង់ សូរិយា
ភ្នំពេញៈ កិត្យានុភាពពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីសប្តាហ៍មុន ត្រូវបានលោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាចាត់ទុកថា ជាពេលដែលអ្នកវិនិយោគបរទេសសម្លឹងមក និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី១៧ វិច្ឆិកាកន្លងមកថា បន្ទាប់ពីរដ្ឋាភិបាលគ្រប់គ្រងជំងឺកូវីដ១៩ បានដោយជោគជ័យ និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ព្រមទាំងអាចអញ្ជើញមេដឹកនាំកំពូលៗក្នុងពិភពលោក និងមេដឹកនាំអាស៊ានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា វាជាកិត្តិយស និងជាកិត្យានុភាពសំរាប់ប្រជាជាតិយើងធំណាស់។
លោកបន្តថា “អ្វីដែលជាកិត្យានុភាពនេះហើយ ជាភាពទាក់ទាញនូវការវិនិយោគ ដែលអ្នកធុរកិច្ចពីបណ្តាប្រទេសផ្សេងៗ មើលឃើញកម្ពុជា ជាឱកាសមួយល្អ ដែលមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងដោយសុវត្ថិភាព”។ លោកបន្តថា “វាជាកាលានុវត្តន៍ភាពមួយ សម្រាប់កម្ពុជា ដូច្នេះសំរាប់ឆ្នាំ២០២៣ ខ្ញុំនៅតែមានសុទិដ្ឋិនិយមលើកំនើនវិនិយោគទាំងក្នុងស្រុក និងបរទេសផងដែរ”។
លោកឧកញ៉ាបានបន្តថា តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ការចុះកិច្ចព្រមព្រៀងសេរីជាមួយសាធារណៈរដ្ឋកូរ៉េ និងការបើកទីផ្សារថ្មី នៃកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ការចចារបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអារ៉ាបអេមីរ៉ាត ហើយសម្តេចតេជោបានជម្រុញឲ្យទំនាក់ទំនងកម្ពុជា ជប៉ុនក្លាយជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ នឹងធ្វើឲ្យយើងមានឱកាសចចារបង្កើតកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី ជាមួយជប៉ុននាពេលខាងមុខ ដែលនេះជាកាលានុវត្តន៍ភាពដ៏ល្អ សម្រាប់ពង្រីកទំហំពាណិជ្ជកម្មរបស់យើង ទៅក្រៅប្រទេស ដែលនឹងជួយជម្រុញសេដ្ឋកិច្ចរបស់យើង។
លោកបន្តថា “ខ្ញុំមានសុទិដ្ឋិនិយមថា កត្តាទាំងអស់នេះនឹងធ្វើឲ្យកម្ពុជាមានកំនើនសេដ្ឋកិច្ចប្រសើរ និងមានភាពទាក់ទាញវិនិយោគិន មិនត្រឹមតែឆ្នាំ២០២៣នោះទេ ប៉ុន្តែនឹងអាចបន្តដល់បណ្តាឆ្នាំខាងមុខបន្ថែមទៀត”៕