ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលការប្រកួតប្រជែងកើនឡើង ការយល់ដឹករបស់សាធារណៈជនកាន់តែប្រសើរ បានធ្វើឲ្យនិន្នាការអភិវឌ្ឍន៍ដីឡូត៍ បែបលំហែរផ្លាស់ប្តូរបែបផែននៃការអភិវឌ្ឍ។
ការកសាងនូវរូបភាពដ៏ស្រស់បំព្រង តាមរយៈ3D ឬ4Dមិនគ្រប់គ្រាន់ទេ ប៉ុន្តែតាមរយៈការទស្សនា និងធ្វើឡើងក្នុងទិដ្ឋភាពជាក់ស្តែង ទើបធ្វើឲ្យគំរោងទាក់ទាញអ្នកវិនិយោគ ឬអ្នកទិញសម្រាប់ស្នាក់នៅ និងសម្រាប់លំហែរកាយ។
គំរោងដីឡូត៍ជាច្រើនក្នុងខេត្តកំពត និងបណ្តាខេត្តមួយចំនួនទៀតកំពុងជាប់គាំង ដោយសារស្ថានភាពសេដ្ឋកិច្ចផង និងម្ចាស់គំរោងមិនមានទុនគ្រប់គ្រាន់ ឬមិនបានយកចិត្តទុកដាក់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋសម្រាប់ការលំហែរកាយ ក៏ដូចជា បង្កើតមានសុខដុមក្នុងគំរោងរបស់ពួកគេ។
លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានទទួលស្គាល់នូវការលើកឡើងខាងលើ ដោយលោកបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១៧ វិច្ឆិកាថា ពិតហើយការអភិវឌ្ឍដីលំហែរ ពិតជាត្រូវចំណាយទុនច្រើន លើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ បង្កើតភាពស្រស់បំព្រងជាមួយធម្មជាតិនៅក្នុងគំរោង។ ជាក់ស្តែងគំរោងបូកគោលែន១ បូកគោលែន២ បូកគោលែន៣ បានចំណាយទុនរាប់ម៉ឺនដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ ដាំផ្កា ដាំដើមឈើ រៀបចំប្រព័ន្ឋអគ្គិសនី ទឹកស្អាត ប្រព័ន្ឋលូជាដើម។
លោកបន្តថា “ខ្ញុំមិននិយាយថាតើគំរោងមួយ ត្រូវចំណាយទុនប៉ុន្មាន ធៀបនឹងតម្លៃដីនោះទេ ប៉ុន្តែក្រុមហ៊ុនពិតជាចំណាយច្រើនលើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋទាំងនោះ”។ លោកបន្តថា “ជាក់ស្តែងគំរោងឆឆ្នេរសមុទ្រកោងកាង យើងបានចំណាយ៦០ម៉ឺនដុល្លារលើផ្លូវ និងស្ពានឈើ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត អស់១០ម៉ឺនដុល្លារបន្ថែមទៀត”។
លោកCooler Tanបានបន្តថា បើយើងមិនចំណាយលើភាពចាំបាច់ ដើម្បីឲ្យអ្នកទិញមានអារម្មណ៍ លំហែរពិតប្រាកដទេ គំរោងរបស់យើងនឹងជាប់គាំង គំរោងរបស់យើងនឹងមិនទាក់ទាញ គំរោងរបស់យើងនឹងមិនទទួលបានជោគជ័យនោះទេ។
លោកបន្តថា “អ្វីយើងផ្តោតធ្វើឲ្យលឿន ធ្វើឲ្យស្អាត មិនឲ្យអ្នកលក់ពិបាកលក់ និងឲ្យអតិថិជនទទួលបានលើសពីអ្វី ដែលពួកគេធ្លាប់គិតមិនដល់”។
ជាមួយគ្នានេះ គំរោង “ឋានសួគ៌លំហែរ” ដែលមានទីតាំងនៅតំបន់ប្រជុំរមណីយដ្ឋានធម្មជាតិ និងកែច្នៃចម្រុះ ស្ថិតនៅក្នុងទឹកដី នៃស្រុកត្រាំកក់ ខេត្តតាកែវ ក៏បាននិងកំពុងផ្តោតលើការសាងសង់ ហេដ្ឋារចនាស ម្ព័ន្ឋ សួនទឹក ផ្កាក្ងោក ក្លោងទ្វារ និងមានសន្តិសុខជូន២៤ម៉ោងផងដែរ។
អ្នកអភិវឌ្ឍន៍ដីឡូត៍ ក្នុងក្រុងកំពតមួយរូបបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋក្នុងគំរោង ពិតជាមានសារៈសំខាន់ ទាក់ទងនឹងភាពជោគជ័យឬបរាជ័យរបស់គំរោង។
លោកបន្តថា គម្រោងរបស់លោកបាននិងកំពុងផ្អាកលក់ ដោយសារតែលក់មិនបានជោគជ័យ ព្រោះយើងមានទុនតិច សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ឋគំរោងឲ្យបានស្អាត និងទាក់ទាញ។ លោកបន្តថា ប្រសិនជាយើងប្រើប្រាស់ទុនពីធនាគារ យើងនឹងមានបញ្ហាកាន់តែខ្លាំង ប្រសិនជាគំរោងមិនទទួលបានជោគជ័យតាមផែនការ៕