ដោយ: លាងហួរ
ហាណូយ: ក្រុមហ៊ុន Vingroup បានប្រកាសនៅថ្ងៃសុក្រនេះថា VinES Energy Solutions ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Vingroup JSC និងក្រុមហ៊ុន Gotion High-Tech របស់ប្រទេសចិន បានចាប់ផ្តើមសាងសង់រោងចក្រផលិតថ្មអាគុយតម្លៃ២៧៥លានដុល្លារនៅក្នុងប្រទេសវៀតណាម។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនបានឱ្យដឹងថា រោងចក្រនៅក្នុងខេត្ត Ha Tinh ភាគកណ្តាលគ្រោងនឹងផលិតថ្ម Lithium iron Phosphate (LFP) ចំនួន៣០លានជារៀងរាល់ឆ្នាំ។
ថ្មនេះនឹងត្រូវប្រើប្រាស់សម្រាប់អាគុយរថយន្តអគ្គិសនី និងប្រព័ន្ធផ្ទុកថាមពល ដោយរោងចក្រនោះគ្រោងនឹងចាប់ផ្តើមផលិត នៅត្រីមាសទី៣ នៃឆ្នាំ២០២៣។
រោងចក្រនេះនឹងជួយបំពេញតម្រូវការថ្មអាគុយរបស់ VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយរបស់ Vingroup ផងដែរ។
ក្រុមហ៊ុន VinFast បានរាយការណ៍ឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួនបានធ្វើកិច្ចព្រមព្រៀង ជាមួយសេវាកម្មជាវរថយន្តរបស់សហរដ្ឋអាមេរិក Autonomy ដើម្បីផ្គត់ផ្គង់រថយន្តលើសពី២.៥០០គ្រឿង ដែលជាការបញ្ជាទិញដ៏ធំបំផុតរបស់ខ្លួន រហូតមកដល់បច្ចុប្បន្ន៕