ដោយៈ គង់ សូរិយា
ភ្នំពេញៈ របាយការណ៍របស់មន្ទីរផែនការខេត្តកែបបានឲ្យដឹងថា អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការថយចុះជាលំដាប់ដោយបានថយពី១២,៨៤% នៅឆ្នាំ២០១៧ មកត្រឹម២,៦១% នៅឆ្នាំ២០២២។
របាយការណ៍ដដែលបានឲ្យដឹងបន្តថា ទំហំសេដ្ឋកិច្ចខេត្ត ប្រមាណ២១៨,៥៣២លានរៀល គិតជាដុល្លាប្រហែល៥៤លានដុល្លាអាមេរិក ស្មើ០.២% នៃសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចខេត្តមានកំណើន០.៣% នៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ ២០២០។ ចំណូលសម្រាប់ម្នាក់ មានចំនួន១,២០៦ដុល្លាអាមេរិក នៅឆ្នាំ២០២១។
របាយការណ៍នេះ ត្រូវបានលើកឡើងក្នុងវេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលខេត្ត
ខេត្តកែប, រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត បានរៀបចំវេទិកាពិគ្រោយោបល់ស្តីពី ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលខេត្ត ដឹកនាំដោយលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ឋ។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា វេទិកាពិគ្រោះយោបល់នេះពិតជាមានសារសំខាន់ណាស់ ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្ស៊ីនូ វតម្រូវការអភិវឌ្ឍទាំងនេះ ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការគាំទ្រ ឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ លោកបានបន្ថែមទៀតថា វេទិការនេះអាចឱ្យយើង ធ្វើការពិភាក្សាលើការអនុវត្តប្រព័ន្ធផែនការថ្នាក់ក្រោមជាតិ ដើម្បីលើកស្ទួយឱ្យកាន់តែប្រសើរឡើងនូវកិច្ចខិតខំប្រឹងប្រែង សកម្មភាពអភិវឌ្ឍន៍របស់យើងទាំងអស់គ្នា។
ជាមួយគ្នានេះ លោក ភោគ សុខេន អនុប្រធានមន្ទីរផែនការ តំណាងក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត បានធ្វើបទបង្ហាញ អំពីគម្រោងដែលមានថវិកាគាំទ្រអនុវត្តសម្រាប់ឆ្នាំ២០២៣ និងតម្រូវការអាទិភាពទូទាំងខេត្ត ដើម្បីដាក់ជូនសមាជិកសមាជិកាទាំងមូលពិនិត្យ ពិចារណា និងគាំទ្រអនុវត្តបន្តទៀត។
ព្រមជាមួយគ្នានេះផងដែរ លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្ត បានបញ្ជាក់អំពីសេចក្តីណែនាំសិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំសង្កាត់ ដែលនឹងគ្រោងរៀបចំឡើង នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២២ នៅតាមក្រុងស្រុកផងដែរ៕