ដោយៈ គង់ សូរិយា
ភ្នំពេញៈ បុរី ជាអចលនទ្រព្យដែលពេញនិយមមួយ សម្រាប់ប្រជាជនខ្មែរ មូលហេតុដោយសារតែផ្ទះនៅជាប់ដី មានទំហំធំទូលាយ និងពិសេសមានតម្លៃទាប បើប្រៀបធៀបទៅនឹងខុនដូក្នុងក្រុង។
ទោះបីជាបច្ចុប្បន្នបុរីភាគច្រើន ត្រូវបានអភិវឌ្ឍនៅឆ្ងាយពីទីក្រុងប្រមាណ១០ ទៅ១៥គីឡូម៉ែត្រក្ដី។
ក្នុងនាមយើងជាអ្នកទិញ តើមានចំណុចសំខាន់អ្វីខ្លះដែលត្រូវតែដឹងមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី? មនុស្សភាគច្រើន គឺផ្ដោតលើទីតាំង តម្លៃ និងម៉ូតផ្ទះ ប៉ុន្តែពេលខ្លះពួកគេមិនបានស្វែងយល់ អំពីឯកសារច្បាប់សំខាន់ៗមួយចំនួន ពីសំណាក់អ្នកអភិវឌ្ឍន៍គម្រោងនោះទេ។
ក្រៅពីទីតាំង តម្លៃ និងម៉ូតគេហឋាន អ្នកទិញក៏គួរសួរនាំអ្នកអភិវឌ្ឍន៍បុរីអំពីឯកសារផ្លូវច្បាប់សំខាន់៥ ដើម្បីប្រាកដថា គម្រោងនេះអាចទុកចិត្តបាន។ ឯកសារទាំងនោះរួមមាន៖
ប័ណ្ណចុះបញ្ជីក្រុមហ៊ុន
មុនពេលចាប់ផ្តើមសាងសង់បុរី ក្រុមហ៊ុនអភិវឌ្ឍន៍មានកាតព្វកិច្ចត្រូវតែចុះបញ្ជីឱ្យរួចរាល់ ជាមួយក្រសួងពាក់ព័ន្ធជាមុនសិន ទើបអាចមានសិទ្ធិចាប់ផ្តើមសាងសង់គម្រោងបាន។ ការស្នើសុំពិនិត្យមើលប័ណ្ណចុះបញ្ជីក្រុមហ៊ុនស្របច្បាប់ គឺដើម្បីធានាបានថាគម្រោងនោះ អាចដំណើរការដោយស្របច្បាប់។
លិខិតអនុញ្ញាតសាងសង់
មុននឹងផ្តល់លិខិតអនុញ្ញាតសាងសង់ដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រួតពិនិត្យលើគម្រោងនោះយ៉ាងហ្មត់ចត់ ទាំងការរចនា និងគុណភាព រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដូចជា ប្រព័ន្ធទឹក ភ្លើង និងលូជាដើម។
ដូច្នេះ ការដែលក្រុមហ៊ុនមានលិខិតអនុញ្ញាតសាងសង់ គឺជាចំណុចកក់ក្ដៅមួយទៀតសម្រាប់អ្នកទិញ។
អាជ្ញាប័ណ្ណបុរី
ក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍បុរី បានបំពេញគ្រប់នូវតម្រូវការទាំងអស់ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ផែនការលក់ និងឯកសារចាំបាច់ផ្សេងៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាជ្ញាប័ណ្ណបុរីដល់ពួកគេ។ ដូច្នេះអ្នកក៏ត្រូវសុំមើលឯកសារនេះផងដែរ។
ប្លង់មេ
ប្លង់មេមានសារៈសំខាន់បំផុត ចំពោះគម្រោងបុរីនីមួយៗ ដូច្នេះអ្នកត្រូវសុំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ បង្ហាញប្លង់មេនេះ។ ប្លង់នេះទៀតសោត គឺត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម ជាមុនសិន មុននឹងបុរីណាមួយអាចសាងសង់បាន។
ប្លង់រ៉ឹង
មុននឹងទិញលំនៅឋានក្នុងគម្រោងបុរីណាមួយ អ្នកគួរតែសួរអំពីប្លង់មេ និងប្លង់រឹងនីមួយៗ ពីអ្នកអភិវឌ្ឍន៍គម្រោងមួយនោះ។ ប្លង់មេគ្របដណ្តប់លើដីទាំងអស់ សម្រាប់ការអភិវឌ្ឍន៍បុរីទាំងមូល ខណៈដែលប្លង់កម្មសិទ្ធិនីមួយៗត្រូវបានបែងចែកជាយូនីតផ្សេងៗគ្នា។
ដូច្នេះ អ្នកត្រូវប្រាកដថាអ្នកអភិវឌ្ឍន៍គម្រោងនោះ មានឯកសារច្បាប់ផ្លូវការ ដើម្បីបញ្ជាក់ពីប្លង់រឹងទាំងពីរប្រភេទនេះ៕