ដោយៈសុផារី
កោះកុង: រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ផ្លាស់ប្ដូរទីតាំងដីទំហំ៦.២៣៤ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ផ្តល់អោយក្រុមហ៊ុន កោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ដើម្បីធ្វើការវិនិយោគ ស្របតាមនីតិវិធីច្បាប់ជាធរមាន។
យោងតាមការសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៦ ធ្នូកន្លងមកនេះបានឲ្យដឹងថា លោកអន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោក រ័ត្ន វីរៈ រដ្ឋលេខាធិការក្រសួងបរិស្ថានបានចុះពិនិត្យ និងសម្របសម្រួលដោះស្រាយផលប៉ះពាល់លើទីតាំងវិនិយោគរបស់ក្រុមហ៊ុន កោះកុង រ៉ាប់ប៊ើ ផ្លេនថេសិន ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ កាលពីថ្ងៃទី១៦ ខែធ្នូនេះ។
ក្រុមហ៊ុន កោះកុងរ៉ាប់ប៊ើ ផ្លេនថេសិន បានទទួលការយល់ព្រមជាគោលការណ៍ពីរដ្ឋាភិបាល ក្នុងការផ្លាស់ប្ដូរទីតាំងដីទំហំ៦.២៣៤ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិ បុទុមសាគរ ខេត្តកោះកុង ផ្តល់អោយក្រុមហ៊ុន ដើម្បីធ្វើការវិនិយោគ ស្របតាមនីតិវិធីច្បាប់ជាធរមាន ដោយមានទីតាំងស្ថិតនៅក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រ ខេត្តកោះកុង។
រដ្ឋបាលខេត្តបានឲ្យដឹងថា តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែង និងបានប្រជុំពិភាក្សា តំណាងសហគមន៍បានយល់ស្រប លើការផ្លាស់ប្តូរទីតាំងនេះ ក្នុងនោះពួកគាត់ក៏បានសំណូមពរ ដល់ក្រុមហ៊ុនវិនិយោគ ក្រសួង និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយអភិវឌ្ឍន៍សហគមន៍របស់ពួកគាត់ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងកសាងសមត្ថភាពសហគមន៍ផងដែរ៕