ដោយ៖ សុផារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយ ដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក បន្ទាប់ក្លាយជាសមាជិកទី១០របស់អាស៊ាន។
ការលើកឡើងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញទទួលពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម” ដែលត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីប្រទេសកម្ពុជា បានក្លាយជាសមាជិកទី ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ១៩៩៩មក កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយ ដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក។
ប្រទេសកម្ពុជា ក៏បានកសាងចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើរ ជាមួយបណ្តាប្រទេសនានា ហើយបានកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ កិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យ នៅឆ្នាំ២០០២ ២០១២ និង ២០២២ គឺជាមោទនៈភាពជាតិសម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិ ដែលបង្ហាញដល់ពិភពលោក អំពីស្មារតីរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងសកលលោក និងតំបន់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្រាប់ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបានទទួលជាប្រធានអាស៊ានប្ដូរវេនជាលើកទី៣ ស្របពេលដែលតំបន់ និងសកលលោកកំពុងប្រឈមនឹងសម្ពាធពីគ្រប់ទិសទី រួមមាន ការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយសង្គ្រាមជំងឺកូវីដ-១៩ វិបត្តិស្បៀងអាហារ និងថាមពល និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកក៏ទោះបីជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក្តី ប្រទេសកម្ពុជា បានដឹកនាំនាវាអាស៊ាន ប្រកបដោយជោគជ័យក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។
ការណ៍នេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ លើរបៀបវារៈសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការព្យាយាមប្រមូលនូវកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការប្រឈមមុខដាក់គ្នា រវាងប្រទេសមហាអំណាចធំៗ បណ្តុះទំនាក់ទំនងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងសង្គម និងសេដ្ឋកិច្ច កសាងទំនុកចិត្តជាមួយប្រទេសដៃគូ និងជាពិសេស ដើម្បីជំរុញសមាហរណកម្មតំបន់ និងសម្រេចឲ្យបាននូវ “ចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥”៕