លោកគួច ចំរើនៈ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុកើនឡើងដល់ជិត៤២០០ដុល្លារ

0

  ដោយៈ គង់ សូរិយា

       ព្រះសីហនុៈ ជាមួយការរីកចម្រើនយ៉ាងឆាប់រហ័ស ប្រជាពលរដ្ឋខេត្តព្រះសីហនុមានជីវភាពកាន់តែប្រសើរ ដោយប្រាក់ចំណូលរបស់មនុស្សម្នាក់បានកើនដល់៤១៨០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។នេះបើតាមការលើកឡើង​របស់លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ។

ចូលរួមពិធីសម្ភោធសមាគមសហគ្រិនវ័យក្មេង សាខាខេត្តព្រះសីហនុ​កាលពីចុងសប្តាហ៍មុន លោកគួច ចំរើនបានមានប្រសាសន៍ឲ្យដឹងទៀតថា

ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ខេត្តព្រះសីហនុ នៅតែរក្សាលំនឹងសេដ្ឋកិច្ចជាវិជ្ជមាន ដោយទទួលបានអត្រាកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូ​លជាមធ្យមក្នុងប្រជាពលរដ្ឋម្នាក់ៗ ចំនួន៤.១៨០ដុល្លាអាមេរិកក្នុងមួយឆ្នាំ កាត់បន្ថយអត្រាភាពក្រីក្រមកនៅត្រឹម១.៨៦% នៅឆ្នាំ២០២២។

លោកបន្តថា “សមិទ្ធផលដែលខេត្តទទួលបាន ក្នុងរយៈពេល៣ឆ្នាំ ចុងក្រោយរួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ ស្ថានីយ៍ប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ បន្ទប់ទឹកសាធារណៈ កសាងរូប​បដិមានៅរង្វង់មូលព្រះឧមា-មហេសូរ រង្វង់មូលសីហរាជមុខបី រង្វង់មូលព្រះថោងនាងនាគ រង្វង់មូលព្រះស្កន្ទទ្រង់ក្ងោក ដែលបង្ហាញអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រជាតិ ស្លាកអក្សរ “ខ្មែរធ្វើបាន” ទីលានតេជោ ព្រមទាំងការរៀបចំស្តង់ដារអភិវឌ្ឍតំបន់ឆ្នេរសមុទ្រជាដើម។

លោកគួច ចំរើនបានបន្តថា ខេត្តព្រះសីហនុមានសក្តានុពលធនធានធម្មជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច មានកំពង់ផែសមុទ្រទឹកជ្រៅជាងគេ ក្នុងប្រទេសកម្ពុជា ជាមួយសន្ទុះការអភិវឌ្ឍរីកចម្រើន និងកាលានុវត្តភាពនៃការវិនិយោគជាតិ និងអន្តរជាតិ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” ស្របតាមគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ឈានទៅសម្រេចបាន ឋានៈជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ​២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here