ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូអញ្ជើញចូលរួមបើកកម្មវិធីសិក្ខាសាលាស្តីពី “ការយល់ដឹង ការលើកតម្លៃមរតកស្ថាបត្យកម្ម និងការរៀបចំកុ្រងនៅខេត្តបាត់ដំបង”។
សិក្ខាសាលានេះ បានសហការរៀបចំដោយ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាស្ថាបត្យកម្មជាតិជាន់ខ្ពស់ទូលូស៍ និងសាកល វិទ្យាល័យទូលូស៍ហ្សង់ហ្សូរ៉េស សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមការឧបត្ថម្ភដោយស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា តំបន់អុកស៊ីតានីសាធារណរដ្ឋបារាំង និងដៃគូរពាក់ព័ន្ធ ក្រោមការគាំទ្រដោយក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តបាត់ដំបង។
អង្គសិក្ខាសាលានេះ ក៏ជាការសិក្សាស្វែងយល់បន្ថែម ពីប្រភេទសំណង់បុរាណ នៅក្នុងខេត្តបាត់ដំបងដ៏ ល្បីល្បាញរបស់យើង។
ខេត្តបាត់ដំបង មិនត្រឹមតែជាខេត្តជង្រុកស្រូវ និងសំបូរដោយសម្បត្តិធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមលើសម្បត្តិធម្មជាតិដ៏សំបូរបែប ខេត្តបាត់ដំបង នៅមានសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ដ៏មានតម្លៃមហាសាលជាច្រើនថែមទៀតមានដូចជា សំណង់ប្រាសាទបុរាណ សំណង់ផ្ទះខ្មែរបុរាណ ផ្ទះ ល្វែងប្រមាណជាង៨០០ខ្នង ដែលបានបន្សល់ទុកតាំង ពីសម័យអាណានិគមបារាំង សំណង់អគាររដ្ឋបាលនានា ផ្សារណាត់ ស្ពានបុរាណ វត្តអារាម និងសំណង់ព្រះវិហារបុរាណជាច្រើនកន្លែងផងដែរ។
លោកសុខ លូ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបង និងតំបន់អុកស៊ីតានីនៃសាធារណរដ្ឋបារាំង បានគ្រោងរៀបចំសិក្ខាសាលានេះ តាំងពីឆ្នាំ២០១៩មកម្ល៉េះ តែដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមានការផ្អាកអស់រយៈពេល២ឆ្នាំ។
លោកបន្តទៀតថា ការអភិរក្សសំណង់បេតិកភណ្ឌ ក្រុងបាត់ដំបង គឺជាការលើកស្ទួយវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ ក្នុងតំបន់ និងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ខណៈដែលក្រុងបាត់ដំបង មានសំណង់អគារបេតិកភណ្ឌក្នុងក្រុងជាច្រើន ជាពិសេសសំណង់ផ្ទះផ្វែង ដែលមានរចនាបថ សម័យអាណានិគមបារាំង ដែលភ្ញៀវទេសចរអន្តរជាតិត្រូវការទស្សនា និងសិក្សាស្វែងយល់លើសំណង់ទាំងនោះ។
ទាក់ទងនឹងសិក្ខាសាលានាពេលនេះ ត្រូវបានលោក សុខ លូ បានចាត់ទុកថា នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ខេត្តបាត់ដំបង ជាការបង្ហាញឲ្យឃើញ ពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ របស់សាស្ត្រាចា រ្យ និងនិស្សិត ផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យា ដើម្បីលើកតម្លៃ និងផ្សព្វផ្សាយបេតិកភណ្ឌស្ថាបត្យកម្ម និងក្រុង នៅក្នុងខេត្តបាត់ដំបង ៕