ក្រុមហ៊ុន​កាត់ដេរ​ធំៗរបស់ប្រទេសជប៉ុន​កំពុងផ្លាស់ទីតាំងផលិតកម្ម ចេញ​ពី​ប្រទេស​ចិន​មកកម្ពុជា

0

ដោយ: លាងហួរ

ភ្នំពេញ: វិស័យកាត់ដេរនៅកម្ពុជាត្រូវបានជំរុញ ខណៈក្រុមហ៊ុនកាត់ដេរធំៗរបស់ជប៉ុនមួយ ចំនួនកំពុងផ្លាស់ប្តូរទីតាំងផលិតកម្ម និងលទ្ធកម្មពីប្រទេសចិនមកកម្ពុជា និងវៀតណាម ដោយសារការកើនឡើងថ្លៃដើម និងគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលចិន។

ដំណឹងនេះ ត្រូវបានបង្ហាញកាលពីពេលថ្មីៗនេះ ដោយលោក ជា វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ខណៈពេលលោកចូលរួមព្រឹត្តិការណ៍មួយ ដើម្បីសម្ពោធផលិតផលកាត់ដេរ ស្បែកជើង និងការធ្វើដំណើរ (GFT) ‘Sector Brief’ នៅក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុនសម្លៀកបំពាក់ធំៗដូចជា ក្រុមហ៊ុនAdastria ក្រុមហ៊ុនAoyama Trading និងក្រុមហ៊ុនផ្គត់ផ្គង់Uniqlo នឹងផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេមួយចំនួន ពីប្រទេសចិនទៅកាន់បណ្តាប្រទេសជាសមាជិក ដូចជា កម្ពុជា និងវៀតណាម ដើម្បីទាញយកអត្ថប្រយោជន៍ពីការលើកលែងពន្ធនាំចូលវាយនភណ្ឌ។

លោក ជា វុទ្ធី បានមានប្រសាសន៍ថា “ការកើនឡើងថ្លៃពលកម្ម និងគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលចិន បានបង្ខំឱ្យក្រុមហ៊ុនផលិតរបស់ជប៉ុនផ្លាស់ប្តូរផលិតកម្ម មកកាន់ប្រទេសអាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា និងវៀតណាម”។

យោងតាមអង្គការពាណិជ្ជកម្ម ខាងក្រៅរបស់ប្រទេសជប៉ុនបានឱ្យដឹងថា ប្រាក់ខែជាមធ្យមប្រចាំខែរបស់កម្មកររោងចក្រ នៅទីក្រុងក្វាងចូវនៃប្រទេសចិន ថ្មីៗនេះបានកើនឡើងដល់ប្រហែល៦៧០ដុល្លារ ពោលគឺកើនស្ទើរតែទ្វេដង នៃប្រាក់ខែកម្មករជាមធ្យមនៅក្នុងប្រទេសកម្ពុជា។

ចំណែកកត្តាផ្សេងទៀត ដូចជា ការធ្លាក់ថ្លៃនៃប្រាក់យ៉េន និងការកើនឡើងថ្លៃដើមនៃវត្ថុធាតុដើមនៅក្នុងប្រទេសចិន ក៏ត្រូវបានគេលើកឡើងថាជាហេតុផលនៅពីក្រោយ ការសម្រេចចិត្តរបស់ក្រុមហ៊ុន ផលិតសម្លៀកបំពាក់ជប៉ុនក្នុងការចាកចេញផងដែរ។

ជាក់ស្តែងក្រុមហ៊ុនAdastria ដែលកំពុងប្រតិបត្តិការហាងលក់រាយក្រោមម៉ាកយីហោចំនួន២៦ បានបង្កើនផលិតកម្មរួចទៅហើយ នៅក្នុងប្រទេសកម្ពុជា និងវៀតណាមក្នុងឆ្នាំ២០២២នេះ។

ជាងនេះទៅទៀត ក្រុមហ៊ុននេះក៏មានគម្រោង ពង្រីកតំបន់ផលិតកម្ម រួមទាំងនៅប្រទេសឥណ្ឌូណេស៊ី បង់ក្លាដែស និងបណ្តាប្រទេសផ្សេងៗទៀត និងបង្កើនផលិតកម្ម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រហូតដល់៥០ភាគរយនៅឆ្នាំ២០២៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here