ដោយ៖ សុផារី
សៀមរាប៖ ទោះបីទីផ្សារអចលនទ្រព្យទទួលរងព្យុះពីវិបត្តិជាបន្តបន្ទាប់នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ក្តី តែទីផ្សារនៅក្នុងខេត្តសៀមរាបនៅបន្តឈរជើងបាន និងរក្សាស្ថានភាពលក់ដូរបានល្អប្រសើរច្រើន។ អ្នកជំនាញមូលដ្ឋានបានបង្ហាញសុទិដ្ឋនិយមចំពោះឆ្នាំ២០២៣ ដែលជារបត់ថ្មីមួយ ក្នុងការឈានជើងទៅកាន់ចំណុចកំពូលនៃទីផ្សារអចលនទ្រព្យឡើងវិញ។
លោក ស៊ា សុផល ទីប្រឹក្សាអចលនទ្រព្យជាន់ខ្ពស់ប្រចាំក្រុមហ៊ុន KW ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះថា នៅក្នុងឆ្នាំ២០២៣ សម្រាប់អចលនទ្រព្យក្នុងខេត្តសៀមរាបគឺជាឆ្នាំដ៏ល្អប្រសើរបំផុត ដោយហេតុផលថាសៀមរាបបានឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតរួចមកហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកមានប្រសាសន៍ថា ប្រសិនបើទីផ្សារណាមួយអាចបន្តដំណើរឆ្លងកាត់ឆ្នាំ២០២២ បាននោះឆ្នាំ២០២៣ ជាឆ្នាំដែលមានភាពងាយស្រួលហើយ។ លោកថា “ប្រសិនបើអាចបន្តដំណើរការបាន ក្នុងឆ្នាំ២០២២បាន នោះឆ្នាំ២០២៣ អចលនទ្រព្យក៏មិនមានការសង្ស័យទៀតដែរ”។
លោកគូសបញ្ជាក់ថា ឆ្នាំ២០២៣ សកម្មភាពអាជីវកម្មនឹងត្រលប់មកមានសកម្មភាពជាធម្មតាវិញ។ លោកថា “ឆ្នាំ២០២៣ គឺជាឆ្នាំដ៏ល្អមួយ សម្រាប់ការចាប់ផ្តើមដំណើរការលើគ្រប់វិស័យទាំងអស់ នៅក្នុងខេត្តសៀមរាប ជាពិសេសគឺអចលនទ្រព្យតែម្តង”។
យោងតាមអ្នកជំនាញមូលដ្ឋានរូបនេះ ខេត្តទេសចរណ៍មួយនេះក៏គ្រោងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌ធំៗ ជាច្រើន ដូចជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ដ៏អស្ចារ្យ បន្ទាប់ពីបានខកខានច្រើនឆ្នាំ។ បន្ថែមលើសនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនត្រូវបានរៀបចំរួចរាល់ជាស្រេចសម្រាប់ការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគមកកាន់ខេត្តសៀមរាបឡើងវិញ។ រាល់ព្រឹត្តិការណ៍ទាំងនេះ និងគម្រោងអភិវឌ្ឍន៍ទាំងអស់នេះ នឹងជំរុញឱ្យសកម្មភាពអាជីវកម្មអចលនទ្រព្យផ្នែកសណ្ឋាគារ អូតែល ដំណើរការល្អប្រសើរឡើងវិញច្រើន។
លោកបន្តថា “សៀមរាបបានតែងខ្លួន និងត្រៀមខ្លួនរួចរាល់អស់ហើយ នៅរង់ចាំតែចេញដំណើរទៅមុខទេ មិនយឺតដូចមុនទៀតទេ។ ឆ្នាំ២០២៣ ជាឆ្នាំចុងក្រោយបំផុត ហើយក៏ជាឆ្នាំចាប់ផ្តើមចេញដំណើរឡើងវិញដែរ”៕