ប្រទេសកម្ពុជាទទួលបានទេសចរអន្តរជាតិជិត២លាននាក់កើនឡើង១០០០ភាគរយក្នុងរយៈពេល១១ខែនេះ

0

ដោយ៖ សុផារី

ភ្នំពេញ៖ យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ រយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន១.៩១៤.០៥៥នាក់ កើនឡើងជាង១ពាន់ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ថាចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានការកើនជាលំដាប់ ពីមួយខែទៅមួយខែ។ កំណើននេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពជឿទុកចិត្តក្នុងចំណោមភ្ញៀវទេសចរ សន្តិសុខសុវត្ថិភាព និងភាពទាក់ទាញក្នុងវិស័យទេសចរណ៍ និងយកចិត្តទុកដាក់ដឹកនាំ គិតគូរត្រឹមត្រូវរបស់ក្រសួងទេសចរណ៍ និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។

លោកបានថ្លែងថា “ក្នុងរយៈពេល១១ខែ ដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួន១.៩១៤.០៥៥នាក់ ដែលមានកំណើនរហូតដល់ ១.០៧១,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលនេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់មួយ”។

ក្នុងនោះ តាមផ្លូវអាកាសមានចំនួន៦៧៣.៦៦៩នាក់ ស្មើនឹង៣៥,២% តាមផ្លូវគោកមានចំនួន១.២២៦.១១៥នាក់ ស្មើនឹង៦៤,១% និងតាមផ្លូវទឹកមានចំនួន១៤.២៧១នាក់ ស្មើនឹង០,៧%។

ភ្ញៀវទេសចរនៃបណ្តាប្រទេសជិតខាងនៅតែមានចំនួនច្រើននាំមុខគេដដែល។ ក្នុងនោះ ភ្ញៀវទេសចរជនជាតិថៃ បាននាំមុខគេ ដែលមានចំនួន៧២០.២០៣នាក់ ភ្ញៀវទេសចរជនជាតិវៀតណាម ស្ថិតនៅក្នុងលំដាប់ទី២ ដែលមានចំនួន៤០១.១៩៣នាក់។ ដោយឡែក ភ្ញៀវទេសចរជនជាតិចិន ស្ថិតនៅក្នុងលំដាប់ទី៣ ដែលមានចំនួន៩០.៦៤៨នាក់។ ក្រៅពីនេះ មានភ្ញៀវទេសចរជនជាតិអាមេរិក ឡាវ ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង បារាំង ម៉ាឡេស៊ី អង់គ្លេសជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here