ផ្លូវពីរខ្សែក្នុងក្រុងព្រះសីហនុតម្លៃ៧៦លានដុល្លារនឹងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកស្អែក

0

ដោយ៖ សុផារី

ភ្នំពេញ៖ ផ្លូវចំនួនខ្សែតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុមានប្រវែងសរុបជាង៤៣គីឡូម៉ែត្រ និងចំណាយថវិកាជាតិប្រមាណ៧៦លានដុល្លារអាមេរិក ត្រូវបានស្ថាបនានិងកែលំអរឡើងវិញរួចរាល់ជាស្ថាពរហើយ។

ផ្លូវមួយខ្សែនេះនឹងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ។

ផ្លូវដ៏សំខាន់នេះមានពីរខ្សែតភ្ជាប់គ្នា រួមមាន ផ្លូវលេខ១៤៦B ឬហៅថាវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។

មួយខ្សែទៀត គឺផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន (តីរវិថី គឺវិថីស្ថិតនៅបណ្តោយតាមឆ្នេរ) បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

គម្រោងស្ថាបនាផ្លូវទាំងពីរខ្សែនេះ បានបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ ប្រើប្រាស់រយៈពេលសាងសង់ចំនួន២៨ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងបានចំណាយថវិកាសាងសង់ជាង៧៦លានដុល្លារអាមេរិក ជាប្រភពថវិកាសន្សំរបស់រាជរដ្ឋាភិបាល។

ផ្លូវទាំងពីរខ្សែនេះ ត្រូវបានស្ថាបនាឡើងវិញទៅតាមលក្ខណៈបច្ចេកទេស និងបែងចែកជាពីរប្រភេទគឺ កំណាត់ផ្លូវប្រវែងជិត២១គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូAC កម្រាស់ ៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវ១១ម៉ែត្រ និង កំណាត់ផ្លូវប្រវែងជាង២២គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់២៦សង់ទីម៉ែត្រ ទទឹងតួផ្លូវ១១ម៉ែត្រ រួមទាំងការសាងសង់សំណង់សិល្បការ្យផ្សេងៗ រួមមាន សាងសង់ស្ពានថ្មី០១កន្លែង និងពង្រីកស្ពានចាស់១៧កន្លែង និងដាក់លូគ្រប់ប្រភេទចំនួន១៦១កន្លែង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅថ្ងៃទី២១ ខែធ្នូនេះថា ផ្លូវទាំងពីរខ្សែនេះ គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង៣៧ខ្សែនៅខេត្តព្រះសីហនុផងដែរ។

លោកបានបន្ថែមថា ផ្លូវទាំងពីរខ្សែនេះ បាននិងកំពុងជំរុញកំណើនការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំចាំបាច់ឆ្លងកាត់ទីប្រជុំជន ដែលអាចកាត់បន្ថយការកកស្ទះនៅក្នុងទីក្រុងបានមួយកម្រិតបន្ថែមទៀត។

ផ្លូវទាំងពីរខ្សែនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ការតភ្ជាប់នៅក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរ សំដៅជំរុញឱ្យមានកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងខេត្តភាគនិរតីនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here