ដោយៈ សុខុម
ប៉េកាំង: ផ្លូវដឹកទំនិញតាមអាកាសថ្មីមួយ ដែលតភ្ជាប់ទីក្រុងស៊ឹនជិន (Shenzhen) នៃប្រទេសចិន ទៅកាន់ទីក្រុងសៅ ប៉ូឡូ (Sao Paulo) នៃប្រទេសប្រេស៊ីល ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃច័ន្ទ ទី៣ ខែមេសា។
មានការរំពឹងទុកថាវា ខ្សែរថភ្លើងនេះ នឹងជួយជំរុញពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) រវាងប្រទេសទាំងពីរ។
ផ្លូវអាកាសនេះ ត្រូវបានដាក់ឱ្យដំណើរការ ដោយអាកាសយានដ្ឋានអន្តរជាតិ Shenzhen Bao’an និង Cainiao Network ដែលជាបុត្រសម្ព័ន្ធដឹកជញ្ជូននៃក្រុមហ៊ុន E-commerce ខ្នាតយក្សរបស់ចិន Alibaba Group ដោយយន្តហោះBoeing 747 របស់ក្រុមហ៊ុន Atlas Air នឹងផ្ដល់ការដឹកជញ្ជូនទំនិញ២ជើងក្នុងមួយសប្ដាហ៍។
ជើងហោះហើរដំបូងដែលដឹកផលិតផល E-commerce ទម្ងន់១០០តោន បានហោះចេញពីទីក្រុងស៊ឹនជិន កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ។
យោងតាមអាកាសយានដ្ឋានខាងលើឱ្យដឹងថា ផលិតផលដែលលក់ដោយអាជីវកម្មឆ្លងដែន នៅក្នុងទីក្រុងស៊ឹនជិន និងទីក្រុងនានាជុំវិញក្រុងស៊ឹនជិន អាចប្រគល់ដល់ដៃអ្នកប្រើប្រាស់នៅប្រេស៊ីល “ក្នុងរយៈពេលជាងមួយសប្តាហ៍”។
ចាប់តាំងពីដើមឆ្នាំនេះមក អាកាសយានដ្ឋានអន្តរជាតិ Shenzhen Bao’an បានសហការជាមួយ ក្រុមហ៊ុនអាកាសចរណ៍ និងប្រតិបត្តិករដឹកជញ្ជូននានា ដើម្បីបើកផ្លូវអាកាសឆ្លងដែនថ្មីៗ ដោយការដឹកជញ្ជូនផលិតផល ឆ្លងកាត់ព្រំដែនតាមផ្លូវអាកាសបានកើនឡើង៧០%។
យោងតាមស្ថិតិពីរដ្ឋបាលគយរបស់ចិន បង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិន និងប្រទេសប្រេស៊ីល បានឈានដល់១៦១,៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយកើនឡើង៤,៩%៕ Xinhua៕