ភ្នំពេញ ៖ បន្ទាប់ពីអនុក្រឹត្យឱ្យបង្កើតក្រុងអរិយក្សត្រ ខេត្តកណ្ដាលមក រដ្ឋបាលខេត្តបានរៀបចំរចនាសម្ព័ន្ធ ក្រុងមួយនេះ ដោយសាងសង់អគាររដ្ឋបាលក្រុងសម្រាប់មន្ត្រីរាជការបំពេញការងារជូនប្រជាពលរដ្ឋ ហើយទីបំផុតអគាររដ្ឋបាលក្រុងក៏បានរៀបចំរួចរាល់ គ្រោងនឹងបើកដាក់ឱ្យដំណើរការនៅថ្ងៃទី ០៣ ឧសភា ២០២៣ ក្រោមអធិបតីភាពលោកគង់ សោភណ្ឌអភិបាលខេត្តកណ្ដាល ។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា អគាររដ្ឋបាលក្រុងអរិយក្សត្រ បានសង់ឡើងនៅក្នុងបុរីវីឡាទួលសង្កែ ក្នុងក្រុងអរិយក្សត្រខេត្តកណ្ដាល ។ ការលេចចេញរូបរាងនៃអគាររដ្ឋបាលក្រុងអរិយក្សត្រនេះដែរ ក៏នឹងជំរុញឱ្យការអភិវឌ្ឍតំបន់អរិយក្សត្រកាន់តែមានសន្ទុះទៅមុខជាបន្តបន្ទាប់បន្ថែមទៀត ស្របនឹងវិនិយោគិនក្នុងស្រុកជាច្រើនបានសម្លឹងពីឱកាសនៃការវិនិយោគ នៅតំបន់នេះ សម្រាប់ត្រៀមអភិវឌ្ឍន៍គម្រោងរបស់ខ្លួនផងដែរ ។
កាលពីដើមខែមេសា ២០២៣កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញអនុក្រឹត្យតែងតែអភិបាលក្រុងអរិយក្សត្ររួចរាល់ហើយគឺលោកចាន់ តារា ដែលពីមុននេះលោកកាន់តំណែងជាអភិបាលរងខេត្តកំពង់ធំ និងបានផ្ទេរមកកាន់តំណែងជាអភិបាលក្រុងអរិយក្សត្រតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី០៦ ខែមេសា ២០២៣ ។
លោកថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនចាន់ណាលែនដ៏បានលើកឡើងផងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបង្កើតក្រុងអរិយក្សត្រ និងបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅក្រុងអរិយក្សត្រមកឃើញថា អ្នកអភិវឌ្ឍន៍ក្នុងស្រុកជាច្រើនបាននាំគ្នាទៅកាន់ក្រុងអរិយក្សត្រហើយរៀបចំត្រៀមក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅឋាន ក្នុងនោះដែរ មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗ នៅក្នុងប្រទេសកម្ពុជាជាច្រើនបានទៅរៀបចំដីសម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានមើលឃើញថាការបង្កើតក្រុងថ្មីៗនៅតាមបណ្ដាខេត្តនានាគឺជាការជំរុញឱ្យមានការអភិវឌ្ឍលើវិស័យអចលនទ្រព្យបន្ថែម ដោយអ្នកវិនិយោគចាប់អារម្មណ៍ លើក្រុងថ្មីៗដែលរាជរដ្ឋាភិបាលបានបង្កើតឡើង ហើយរាជរដ្ឋាភិបាលក៏បានអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនានាបន្ថែមនៅក្នុងតំបន់ក្រុងថ្មីៗទាំងនោះ ។
ខេត្តកណ្ដាលចាត់ទុកជាខេត្តដែលមានក្រុងច្រើនជាងគេក្នុងចំណោមបណ្ដាខេត្តនានាទូទាំងប្រទេស ក្នុងនោះរួមមានក្រុងតាខ្មៅ ក្រុងសំពៅពូន និងក្រុងអរិយក្សត្រ ។ ក្រុងទាំងនេះសុទ្ធតែនៅជាប់នឹងរាជធានីភ្នំពេញ ដូច្នេះការអភិវឌ្ឍនៅក្រុងទាំងនេះ ក៏រំពឹងថានឹងមានសន្ទុះឡើងលឿន ឬអាចនិយាយថាទទួលចំហាយអភិវឌ្ឍន៍ពីក្រុងភ្នំពេញ ៕