ដោយៈ និស្ស័យ
ព្រៃវែងៈ ទីប្រជុំជននៃស្រុកស្វាយអន្ទរ ដែលកំពុងអភិវឌ្ឍន៍យ៉ាងលឿនក្រោមម្លប់សន្តិភាព អ្នកអភិវឌ្ឍន៍ក្រុងស្រុកមួយចំនួនបាននិងកំពុងសម្លឹងទៅកាន់តំបន់នេះ ជាមួយនឹងបច្ចុប្បន្នភាព ផ្សារភ្ជាប់ជាមួយចក្ខុវិស័យអនាគត។
មង្គលវីឡា ព្រៃវែងបុរីបាននិងកំពុងបង្កើតឡើង ជាមួយអ្នកអភិវឌ្ឍន៍ពោរពេញដោយភាពច្នៃប្រឌិត ការបង្កើតថ្មីឬនវានុវត្តន៍ ដោយប្រែក្លាយផ្ទៃវាលស្រែ ដែលខៀវស្រងាត់នារដូវវស្សា និងព៌ណលឿងទុំនារដូវប្រាំង ទៅជាសហគមន៍ស៊ីវិល័យមួយ ដែលសាធារណៈជនអាចជិះកាយ៉ាក់ អង្គុយគយគន់ទេសភាពថ្ងៃរះ និងថ្ងៃលិចលើខ្ទូសសាងសង់ឡើងប្របមាត់បឹងសម្បនិម្មិត។ការអភិវឌ្ឈន៍មួយ ដែលមានចក្ខុវិស័យច្បាស់លាស់ និងមានភាពចម្រុះបាននិងកំពុងរៀបចំឡើង និងចាប់ផ្តើមបង្ហាញរូបរាងបណ្តើរៗហើយ ស្របពេលផ្ទះអាជីវកម្ម សួនកំសាន្ត ទីធ្លាសាធារណៈ បឹងសំរាប់ជិះទូកកាយ៉ាក់ ផ្សារសហគមន៍ បាននិងកំពុងអភិវឌ្ឈន៍ក្នុងគំរោងមង្គលវីឡា ព្រៃវែងបុរី។
គំរោងអភិវឌ្ឈន៍នេះ បាននិងកំពុងលើកកំពស់សក្តានុពលមូលដ្ឋាន និងគុណតម្លៃសម្រាប់ប្រជាជនរស់នៅ ក្នុងតំបន់ផងដែរ តាមរយៈការផ្តល់ការងារដល់ប្រជាពលរដ្ឋ ការផ្តល់នូវសកម្មភាពនិងការប្រកបអាជីវកម្ម ការកំសាន្ត ការទទួលបានសេវាកម្មអប់រំប្រកបដោយគុណភាពដូចនៅរាជធានីភ្នំពេញផងដែរ។
ជាក់ស្តែងលោកឧកញ៉ាប៉ិច បូឡែនប្រធានសមាគមសហគ្រិនវ័យក្មេង និងជាប្រធានអគ្គនាយកសាលាវេសឡាញន៍ បាននិងកំពុងត្រៀមសាងសង់សាលារៀន នៅក្នុងគំរោងមង្គលវីឡា ព្រៃវែងបុរី ដែលទីតាំងត្រូវបានត្រៀម និងចាប់ផ្តើមសាងសង់នាពេលខាងមុខនេះ។
ការអភិវឌ្ឍន៍ដែលផ្តោតលើទស្សនវិស័យថ្មី និងស្ថិតក្នុងផែនការកសាងកូនទីក្រុងមួយនៅតំបន់នេះ លោកឌិន សុមេធារីទ្ឋម្ចាស់គំរោងមង្គលវីឡា ព្រៃវែងបុរីបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា យើងបាននិងកំពុងជម្រុញការអភិវឌ្ឍន៍នៅមូលដ្ឋាន និងគាំទ្រការរៀបចំផែនការបង្កើតទីក្រុងថ្មីៗ ដែលមានឋានៈស្មើនឹងស្រុករបស់រដ្ឋាភិបាល ហេតុនេះទើបគំរោងនេះ រៀបចំឡើងក្នុងបរិបទជាទីក្រុងតាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ផែនការប្រើប្រាស់ដីលំអិត និងគំរោងរៀបចំជាផ្សារសហគមន៍ ដែលប្រជាពលរដ្ឋអាចមកលក់ទំនិញបានដោយឥតគិតថ្លៃ។
លោកបន្តថា “យើងកំពុងកសាងទីក្រុងមួយ នៅក្នុងស្រុកស្វាយអន្ទរ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចមូលដ្ឋានផង និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋផង”៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!