គម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិនកំពុងចាក់បញ្ចូលសន្ទុះដល់កំណើនសេដ្ឋកិច្ចកម្ពុជា

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដែលជាគម្រោងដ៏លេចធ្លោមួយ ក្នុងប្រទេសកម្ពុជា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន (BRI)។

BRI មិនត្រឹមតែបានបញ្ចូលកម្លាំងរុញច្រាន ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនរាប់ម៉ឺននាក់នៅក្នុងស្រុកផងដែរ។

តំបន់សេដ្ឋកិច្ចពិសេសនេះ ស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រភាគឦសាន នៃកំពង់ផែស្វយ័តទឹកជ្រៅអន្តរជាតិ ក្រុងព្រះសីហនុ។ បច្ចុប្បន្ននេះSSEZ មានរោងចក្រចំនួន១៧៥ មកពីប្រ​ទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក តំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត ដែលជួយបង្កើតការងារក្នុងស្រុកជិត៣០.០០០ការងារ។

បណ្តាសហគ្រាសទាំងនោះ បានផលិតសំលៀកបំពាក់ ស្បែក​ជើង អីវ៉ាន់ និងស្បែក សម្ភារៈពេទ្យ គ្រឿងចក្រ សម្ភារៈសំណង់ គ្រឿងសង្ហារិមក្នុងផ្ទះ គ្រឿងបន្លាស់រថយន្ត សំបកកង់រថយន្ត និងសម្ភារៈផ្សេងៗទៀត។

ថ្លែងក្នុងពិធីគម្រប់ខួប១០ឆ្នាំ របស់គំនិតផ្តួចផ្តើម BRI ដែលធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស SSEZ កាលថ្ងៃច័ន្ទទី២២ ឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសា​សន៍ថា តំបន់ឧស្សាហកម្មគឺជាគំរូដ៏ល្អ នៃកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ រវាងកម្ពុជា និងចិនក្រោមគំនិតផ្តួចផ្តើម BRI។

សម្តេចតេជោបានថ្លែងប្រាប់ កម្មកររោងចក្រជាង២៤.០០០នាក់ នៅក្នុងព្រឹត្តិការណ៍នោះថា “តំបន់សេដ្ឋកិច្ចពិសេសនេះបានបង្កើតការងារជាច្រើន សម្រាប់ប្រជាជនក្នុងស្រុក និងជាមូលដ្ឋានផលិតកម្ម សម្រាប់ការនាំចេញ ទៅកាន់ប្រទេសផ្សេងទៀតរួមទាំងប្រទេសចិនផងដែរ”។

សម្ដេចតេជោបានថ្លែងនូវការកោតសរសើរ ចំពោះតំបន់ SSEZ ដែលមានការអភិវឌ្ឍឥតឈប់ឈរ សូម្បីតែក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ដោយវាបាន និងកំពុងដើរតួនាទីក្នុងការបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Wang Wentian មានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេស (SSEZ) ដែលជាតំបន់ឧស្សា​ហកម្មធំជាងគេ នៅកម្ពុជាបើគិតពីទំហំ និងការកាន់កាប់ គឺជាគម្រោងគំរូមួយនៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងប្រទេសចិន និងកម្ពុជា ស្ថិតក្រោមគំនិតផ្តួចផ្តើម BRI។

លោក​ឯកអគ្គរដ្ឋទូតបាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា​ “តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ​បាន​ក្លាយ​ជា​ក្បាល​ម៉ាស៊ីន ​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះសីហនុ និង​ជាចាន​បាយ​មាសសម្រាប់​អ្នក​ស្រុក​”។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៊ិត សំហេង មានប្រសាសន៍ថា “តំបន់សេដ្ឋកិច្ចពិសេស មានសារៈសំខាន់ណាស់ ក្នុងការជួយប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទីពីររបស់កម្ពុជា”។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “តំបន់ SSEZ មិនត្រឹមតែបានរួមចំណែកដល់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានទំនួលខុសត្រូវសង្គមសាជីវកម្មផងដែរ”។

លោក Cao Jianjiang អគ្គនាយកនៃតំបន់សេដ្ឋកិច្ចពិសេស SSEZ បានលើកឡើងថា ទំហំទឹកប្រាក់នៃការនាំចូល និងការនាំចេញឆ្លងកាត់តំបន់នេះ បានកើនឡើងដល់២,៤៩ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ពោលគឺកើនឡើង១២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Cao Jianjiang បានប្រាប់សារពត៌មាន Xinhua ថា “នេះមិនត្រឹមតែបានបញ្ចូលសន្ទុះ ដ៏រឹងមាំទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ ជីវភាពរបស់កម្មករក្នុងស្រុក និងអ្នករស់នៅជុំវិញតំបន់នេះផងដែរ”។

លោកបានអះអាងទៀតថា តំបន់សេដ្ឋកិច្ចពិសេស SSEZ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ បានជួយប្រែក្លាយក្រុងព្រះសីហនុដ៏ស្ងប់ស្ងាត់ និងមិនទាន់មានការអភិវឌ្ឍន៍ទៅជាទីក្រុងដ៏អ៊ូអរ។

នៅពេលនិយាយអំពីកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា លោកCao បានលើកឡើងថា កតិកាសញ្ញាពាណិជ្ជកម្មទាំងពីរនេះ នឹងជួយតំបន់សេដ្ឋកិច្ច ពិសេសទាក់ទាញការវិនិយោគបន្ថែមទៀត ដោយផ្តល់អាទិភាពលើពន្ធគយ និងការសម្រ​ប​សម្រួលពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here