សម្តេចតេជោៈ ទីផ្សារការងារនៅកម្ពុជាស្រូបយកកំលាំងពលកម្មបាន១០,៨លាននាក់

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា  ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបានអត្រាមានការងារធ្វើខ្ពស់៩៩.៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ១០,៨លាននាក់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានថ្លែងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ៩៩.៣% នៃកម្លាំងពលកម្មសរុប ចំនួនប្រមាណ១០,៨លាននាក់ និងបន្ថែមលើការរីកចម្រើន សេដ្ឋកិច្ចក្នុងប្រព័ន្ធ សេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ជាកម្លាំងចលករដ៏សំខាន់មួយ ដែលបានដើរតួនាទីស្នូល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ ពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។

នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជជីវៈ លើកទី៦ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ក្នុងសារលិខិតដដែលសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹង បញ្ហាជំនាញ និងអនាគតនៃការងារ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្ត គោលនយោបាយសំខាន់ៗមួយចំនួនដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្ដីពីការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ក្រប​ខ័ណ្ឌ​យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមតន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣។គោលនយោបាយស្តីពីពលករទេសន្តរប្រវេសន៍ ឆ្នាំ២០១៩-២០២៣ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក កម្ពុជា ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ២០២៣-២០២៧ ព្រមទាំងផែនទី បង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥។

សម្ដេចតេជោគូសបញ្ជាក់ថា ដើម្បីផ្ដល់លទ្ធភាពទទួលបានការបណ្ដុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីកការផ្ដល់អាហារូបករណ៍កាន់តែច្រើនឡើង សម្រាប់យុវជនដែលបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ ជនជាតិដើមភាគតិច ជនងាយ រងគ្រោះ និងកម្មករនិយោជិត។

សម្ដេចតេជោបានបន្ដថា ជាលទ្ធផលរយៈពេល៥ឆ្នាំ ចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និង កម្មករនិយោជិតប្រមាណ៣០ម៉ឺននាក់ បានទទួលការបណ្តុះបណ្ដាល និងបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងការទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ដោយបានចាប់យកឱកាសការងារល្អៗ ក៏ដូចជាការបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិបានយ៉ាងច្រើន។

ជាមួយគ្នានេះ ក្នុងអំឡុងពេលមានការរីករាលដាល នៃជំងឺកូវីដ-១៩ បានបង្កើតកម្មវិធីបណ្តុះបណ្តាល កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ពិសេសរយៈពេល៤ខែ ដល់កម្មករ និយោជិតនិងយុវជន ដើម្បីទទួលបានឱកាសការងារថ្មី និងបង្កើតមុខរបរដោយខ្លួនឯងបានចំនួន២១,៥០០នាក់ និងបណ្ដុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតបានចំនួន៦៨,០០០នាក់។

បន្ថែមពីនេះ រាជរដ្ឋាភិបាល បានត្រៀមរៀបចំផែនការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន ១,៥លាននាក់ ដោយរដ្ឋធានាផ្ដល់ប្រាក់ឧបត្ថម្ភ ចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្ដល់ឱកាសឱ្យពួកគេទទួលបានជំនាញ សម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញ តម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ បន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍ មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើន សេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារ ដែលមានស្រាប់សំដៅបន្តលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនេះបន្តគាំទ្រក្នុ ងការអនុវត្តគោលនយោបាយជាតិស្តីពី ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍធនធានមនុ​ស្សនៅកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមាន លក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។

សម្ដេចតេជោក៏បានជំរុញការអនុវត្តផែនទីបង្ហាញផ្លូវ លើការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ផែនទីបរិវត្តកម្ម ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ២០២៣-២០២៧ និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍ ជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here