ដោយ: គង់ លាងហួរ
អន្តរជាតិ: ចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាសសកលត្រូវបានគេរំពឹងថានឹងកើនឡើង២៨,៣ភាគរយដល់៤,៣៥ពាន់លាននាក់ក្នុងឆ្នាំនេះ ដោយត្រឡប់ទៅជិតកម្រិតមុនជំងឺរាតត្បាតឆ្នាំ២០១៩។
ទន្ទឹមនឹងនេះ បណ្តាក្រុមហ៊ុនអាកាសចរណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្លានៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាស។
សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិបានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីៗនេះថា ចំនួនអ្នកដំណើរដែលបានព្យាករណ៍ទុកគឺខ្ពស់ជាង៣,៣៩ពាន់លាននាក់ក្នុងឆ្នាំ២០២២ និងតំណាងឱ្យប្រហែល៩៦ភាគរយនៃអ្នកដំណើរសរុបចំនួន៤,៥៤ពាន់លាននាក់កាលពី៤ឆ្នាំមុន ដោយសារតែការដកចេញនូវវិធានការត្រួតពិនិត្យព្រំដែន។តម្រូវការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានគេរំពឹងថានឹងកើនឡើងនៅទូទាំងពិភពលោក។ សមាគមខាងលើបានបញ្ជាក់ទៀតថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេរំពឹងថា នឹងរីករាយជាមួយនឹងកំណើននៃតម្រូវការខ្ពស់បំផុត៦៣% ខណៈដែលគ្រប់បណ្តាប្រទេសនៅក្នុងតំបន់នេះបានបញ្ចប់ការរឹតបន្តឹងការធ្វើដំណើរ។
ចំណែក ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ាត្រូវបានគេព្យាករណ៍ថានឹងមានការកើនឡើង៣០,១ភាគរយ និង២០,៨ភាគរយរៀងៗគ្នានៅក្នុងចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាស។
លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកខាងជើងត្រូវបានគេរំពឹងថានឹងនាំមុខគេជាមួយនឹងប្រាក់ចំណេញសុទ្ធចំនួន១១,៥ពាន់លានដុល្លារ កើនឡើង២៦,៤ភាគរយធៀបនឹងឆ្នាំ២០២២ ហើយប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍នៅអឺរ៉ុបត្រូវបានគេព្យាករណ៍ថានឹងកើនឡើង២៤,៤ភាគរយរហូតដល់៥,១ពាន់លានដុល្លារ៕