ដោយៈ ជេស៊ីកា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានលើកឡើងពីគំរោងសិក្សា ខ្សែរថភ្លើងថ្មីមួយតភ្ជាប់ទៅកាន់ប្រទេសវៀតណាម។
លោកបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នារសៀលថ្ងៃទី២១ មិថុនាថា យើងមានគំរោងសិក្សាខ្សែរថភ្លើងថ្មីមួយទៀត ដែលតភ្ជាប់ពីទីក្រុងប៉ោយប៉ែត មកកាន់សៀមរាប តមកកាន់ខេត្តកំពង់ធំ កំពង់ឆ្នាំង តភ្ជាប់មករាជធានីភ្នំពេញ និងតភ្ជាប់ទៅកាន់ក្រុងបាវិត ដើម្បីតភ្ជាប់ជាមួយប្រទេសវៀតណាម ដែលប្រទេសវៀតណាមគ្រោងសាងសង់ពីទីក្រុងហូ ជីម៉ិញ មកកាន់បាវិត ម៉ុកបៃ។
នេះជាគំរោងដែលយើងត្រូវសិក្សា និងរកថវិកាមកកសាងនាពេលខាងមុខ។ជាមួយគ្នានេះ លោកក៏បានលើកឡើង ពីគំរោងខ្សែរថភ្លើងបីប្រភេទនៅរាជធានីភ្នំពេញ ដែលបានសិក្សាបញ្ចប់ផងដែរ ទី១ ខ្សែរថភ្លើងក្រោមដី ទី២ ខ្សែរថភ្លើងលើអាកាស ដែលគ្មានមនុស្សបើក(Mono Railway) និងទី៣ ខ្សែរថភ្លើងលើដីនៅរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា យើងកំពុងសម្រេចចិត្ត និងស្វែងរកថវិកា ដើម្បីសាងសង់គំរោងណាមួយថា តើយើងយកជម្រើសណា ប៉ុន្តែសំរាប់លោកគឺចង់បានខ្សែរថភ្លើងក្រោមដី ព្រោះអាចទាក់ទាញអ្នកវិនិយោគមកដាក់ទុន ដោយពួកគាត់អាចបង្កើតហាងក្រោមដីលក់ទំនិញ ដែលអាចទាញយកទុកពួកគាត់ត្រលប់មកវិញ។លោកស៊ុន ចាន់ថុលបានបន្តថា ប៉ុន្តែការសិក្សានេះ ត្រូវពិភាក្សាជាមួយផ្នែកឯកជន ដើម្បីដាក់ទុនវិនិយោគលើគំរោងនេះ ប៉ុន្តែទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ថា តើរហូតមកទល់ពេលនេះ មានក្រុមហ៊ុនណាមួយចាប់អារម្មណ៍វិនិយោគឬនៅនោះទេ៕