ដោយ: គង់ លាងហួរ
ភ្នំពេញ: អ្នកជំនាញលើកឡើងថា ការបង្កើតច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងត្រី និងស្រូវ ជាមួយប្រទេសចិន មានសារៈសំខាន់ណាស់ ដើម្បីបង្កើនសមត្ថភាពរបស់កម្ពុជា សម្រាប់ការអភិវឌ្ឍឯករាជ្យ និងរួមចំណែកដល់ការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងល្បឿនកាន់តែលឿន។
កម្ពុជា និងចិន គ្រោងបង្កើតច្រករបៀងអភិវឌ្ឍន៍ ឧស្សាហកម្ម ដើម្បីគាំទ្រ ដល់ការប្រែក្លាយតំបន់ឆ្នេរ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងគំរូ និងបង្កើតច្រករបៀងត្រី និងស្រូវ ដើម្បីអភិវឌ្ឍកសិកម្ម បែបអេកូឡូស៊ីទំនើបនៅជិតបឹងទន្លេសាប។
លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ សម្រាប់គាំទ្រ ដល់ការបង្កើតច្រករបៀងអភិវឌ្ឍន៍ ឧស្សាហកម្ម នៅខេត្តព្រះសីហនុ។
លោកបណ្ឌិតបន្តថា “ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជាត្រូវការការវិនិយោគបន្ថែមពីប្រទេសចិន ជាពិសេសក្នុងវិស័យដឹកជញ្ជូន បណ្តាញអគ្គិសនី បណ្តាញខ្សែកាបអុបទិក រួមទាំងឃ្លាំងស្តុកទំនិញ និងភស្តុភារផងដែរ”។
ចំពោះ “ច្រករបៀងត្រី និងស្រូវ” ដែលផ្តោតលើភាគពាយ័ព្យនៃប្រទេសកម្ពុជា និងតំបន់បឹងទន្លេសាប លោកបណ្ឌិតគិន ភា បានលើកឡើងថា កម្ពុជានឹងអភិវឌ្ឍកសិកម្មបែបអេកូឡូស៊ីទំនើប ហើយកសិករ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីច្រករបៀងនេះ។
លោកបណ្ឌិតបានប្រាប់សារពត៌មាន Xinhua ថា “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្មមានសារៈសំខាន់ ក្នុងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឧស្សាហកម្ម ខណៈដែលច្រករបៀងត្រី និងស្រូវមានសារៈសំខាន់ណាស់ ក្នុងការប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលកសិកម្មទំនើប ជាមួយនឹងផលិតផលប្រកបដោយគុណភាពខ្ពស់”។
លោកបន្ថែមថា “ច្រករបៀងទាំងពីរនេះ នឹងផ្តល់ការជំរុញដ៏ធំមួយដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការជួយបង្កើតការងារសម្រាប់កម្មករ និងកសិករ”។
លោកបានអះអាងទៀតថា ដោយសារតែមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ច្រករបៀងទាំងពីរនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោក ថុង ម៉េងដាវីដ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ បានលើកឡើងថា គម្រោងច្រករបៀងទាំងពីរ នឹងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង របស់ប្រទេសកម្ពុជាទៅលើវិស័យឧស្សាហកម្ម កសិកម្ម និងសន្តិសុខស្បៀង។
លោកបានបន្តថា “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម នឹងជំរុញការអភិវឌ្ឍន៍ឧស្សាហកម្ម ទាក់ទាញការវិនិយោគថ្មី ជំរុញផលិតកម្មនិងសម្រួលដល់ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន និងទីផ្សារពិភពលោក”។
លោកបានបន្ថែមថា “ច្រករបៀងត្រី និងស្រូវនឹងជួយដល់កម្ពុជាក្នុងការពន្លឿនការធ្វើទំនើបកម្មកសិកម្ម ជំរុញផលិតកម្មកសិកម្មគុណភាពខ្ពស់ និងបង្កើនប្រាក់ចំណូលដល់កសិករក្នុងស្រុក”។
លោក ថុង ម៉េងដាវីដជឿជាក់ថា ច្រករបៀងសេដ្ឋកិច្ចទាំងពីរនឹងចូលរួមចំណែកបន្ថែមទៀត ក្នុងការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកិច្ចសហប្រតិបត្តិការ និងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ ឆ្ពោះទៅរកការកសាងសហគមន៍កម្ពុជា -ចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់នៃអនាគតរួមគ្នានៅក្នុងយុគសម័យថ្មីនេះ៕