ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានប្រកាសផ្ដល់ជំនួយឥតសំណង និងកម្ចីការប្រាក់ទាបដល់កម្ពុជាជាង៤០លានដុល្លារអាមេរិកសម្រាប់គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាបជំហានទី២ និងវិស័យអគ្គិសនីនៅកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះបានឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការបន្តការទ្ររបស់រដ្ឋាភិបាលជប៉ុនសម្រាប់អនុវត្តគម្រោងគជំនួយនេះ។
គំរោងផ្តល់ជំនួយនេះបែងចែកជាពីរដូចខាងក្រោម៖ ១. ឥណទានសម្បទានដែលមានទឹកប្រាក់សរុប៣.៥៩៩លានយ៉េន(ប្រមាណ ៣១,៥៦លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាបជំហានទី២»។ ២. ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុប១.៣៤០លានយ៉េន (ប្រមាណ ១១,៨លានដុល្លារអាមេរិក) សម្រាប់អនុវត្ត«គម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអគ្គិសនីនៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ»។
សេចក្ដីជូនដំណឹងដដែលបន្តថា កញ្ចប់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដោយរាជរដ្ឋាភិបាលជប៉ុន ដើម្បីលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា។
ជប៉ុនគឺជាប្រទេសទី២ ដែលបានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីដល់កម្ពុជាច្រើនជាងគេ បន្ទាប់ពីប្រទេសមហាយក្សចិន។ ជំនួយដែលរដ្ឋាភិបាលនេះបានផ្តល់ដល់កម្ពុជានោះ ភាគច្រើនអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ស្ពាន, ប្រព័ន្ធធារាសាស្ត្រ វិស័យអប់រំ វិស័យសុខាភិបាល និងវិស័យជាច្រើនទៀត៕