ដោយ វុត្ថា
បាត់ដំបង៖ ខេត្តបាត់ដំបងរបស់ប្រទេសកម្ពុជា គ្រោងចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ រវាងគណៈប្រតិភូខេត្តបាត់ដំបងដែលដឹកនាំដោយលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង លោក យន់ ឃ្យុងហេ អភិបាលក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ បានផ្លាស់ប្តូរយោបល់គ្នា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងស្របតាមគោលការណ៍ច្បាប់ នៃប្រទេសទាំងពីរ ។
ភាគីទាំពីរបានឯកភាពគ្នាជាគោលការណ៍ និងចុះកំណត់ហេតុកិច្ចប្រជុំរួមដូចខាងក្រោម ៖
១-ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យកសិកម្ម ពាណិជ្ជកម្ម ។
២-ផ្តល់ការគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ ក្នុងការជំរុញអ្នកវីនិយោគលើវិស័យកសិកម្ម តាមរយៈវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដោយបានជ្រើសរើសយកតំបន់ភូមិសាស្រ្ត ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីអនុវត្ត ។
៣-ផ្លាស់ប្តូរទស្សនកិច្ច និងការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់ នៃភាគីទាំងពីរក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្ម កសិកម្ម និងព្រឹត្តិការណ៍ផ្សេងៗទៀត ។
៤-ភាគីទាំងពីរបានព្រមព្រៀងគ្នា ឯកភាពគ្នាចងសម្ព័ន្ធមេត្រីភាពគ្នា នាពេលខាងមុខ និងរាយការណ៍ជូន ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដើម្បីទទួលបានការអនុញ្ញាតជាគោលការណ៍ឱ្យ រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ ឈានទៅចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីការបង្កើតកិច្ចសហប្រតិបត្តការ៕