ប្រទេសវៀតណាមទាញបានកិច្ចសហប្រតិបត្តិការលើវិស័យធំៗជាច្រើនពីភាពតានតឹងរវាងអាមេរិក និងចិន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងក្នុងជំនួបពិភាក្សា ជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេច ក្នុងការធ្វើឱ្យស៊ីជម្រៅភាពជាដៃគូទ្វេរភាគី និងកសាងសហគមន៍ ដែលមានអនាគតរួមគ្នាជាមួយទីក្រុងហាណូយ។

លោកស៊ី ជីនពីង បានបញ្ជាក់ប្រាប់មេដឹកនាំវៀតណាមថា ប្រទេសចិនបានចាត់ទុកទំនាក់ទំនងរបស់ខ្លួន ជាមួយវៀតណាមជាអាទិភាព នៅក្នុងទំនាក់ទំនងការទូត ជាមួយប្រទេសជិតខាងរបស់ខ្លួន។

លោកស៊ី បានបន្ថែមថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទំនាក់ទំនងចិន-វៀតណាម នឹងឈានចូលទៅក្នុងដំណាក់កាលថ្មីនៃការជឿទុកចិត្តគ្នាទៅវិញទៅមក ផ្នែកនយោបាយកាន់តែខ្លាំង កិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ។លោក Nguyen Phu Trong និងសមភាគីចិនលោក​ស៊ី ជីនពីង បានធ្វើជាសាក្សីកាលពីថ្ងៃអង្គារ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣៦ សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដូចជាសន្តិសុខ និងការអភិវឌ្ឍន៍ផ្លូវដែកឆ្លងព្រំដែន។

ប្រទេស​ជិត​ខាងទាំង​ពីរ​ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ទឹកដី ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ​នៅតែរក្សា​បានទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏រឹងមាំ ដោយប្រទេសចិន​ ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​វៀតណាម ខណៈ​វៀតណាម​ ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​៤​របស់​ចិន។

ដំណើរទស្សនកិច្ច ទៅកាន់ប្រទេសវៀតណាមរបស់លោក ស៊ី ជីនពីងបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងវៀតណាមបានប្រកាសលើក​កម្ពស់ ​ទំនាក់ទំនង​របស់​ពួកគេ​ ទៅ​ដល់​កម្រិតភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែលស្មើនឹងកម្រិតទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេសចិន និងរុស្ស៊ី។

ក្នុងជំនួបជាមួយ​នឹង​ប្រធានាធិបតី​វៀតណាម​ លោក Vo Van Thuong ក្នុង​ទីក្រុង​ហាណូយកាលពីខែកញ្ញាកន្លងទៅ ប្រធានាធិបតីអាមេរិក​ លោកចូ បៃដិន បាន​លើកឡើងអំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ លើបញ្ហា​ប្រឈម​នានា​ ដែល​មានសារៈសំខាន់​ចំពោះ​ប្រជាពលរដ្ឋ​នៃប្រទេស​ទាំង​ពីរ និង​បាន​អះអាងថា​ វា​ជា​រឿង​អស្ចារ្យ ដែលប្រទេស​ទាំង​ពីរ បាន​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​នេះ។

លោក ចូ បៃដិន ធ្លាប់​បាន​ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​វៀតណាម​ លោក Pham Minh Chinh ហើយ​មេដឹកនាំ​ទាំង​ពីរ​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​ធុរកិច្ចមួយ ដែល​នៅ​ទីនោះ​លោក បៃដិន បាន​ពិភាក្សា​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ជាមួយ​នឹង​វៀតណាម​លើ​សេវា​ប្រព័ន្ធ cloud តាម​អ៊ីនធឺណេត បន្ទះ​ឈីប និង​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI)។លើសពីនេះ លោកចូ បៃដិន មើល​ឃើញ​ឱកាស​មួយ​ ដើម្បី​ទាញប្រទេស​ជាច្រើន​ទៀត រួម​ទាំង​ប្រទេស​វៀតណាម និង​កម្ពុជា​ ចូលទៅក្នុង​គន្លង​របស់​អាមេរិក ស្របពេលមានការធ្លាក់ចុះ នៃសេដ្ឋកិច្ចចិន និងការពង្រឹងអំណាចនយោបាយ របស់លោកស៊ី ជីនពីង៕

LEAVE A REPLY

Please enter your comment!
Please enter your name here