ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អះអាងថា នៅឆ្នាំនេះ កំណើនសេដ្ឋកិច្ច របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅតំបន់អាស៊ី អាចនឹងមានភាពរឹងមាំ ជាងការគិតទុកពីមុន ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។
ធនាគារ ADB បានបង្កើនការព្យាករណ៍ កំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ី ដែលកំពុងអភិវឌ្ឍឡើងដល់៤,៩ភាគរយ ធៀបនឹង៤,៧ភាគរយ ដែលបានព្យាករក្នុងខែកញ្ញា ប៉ុន្តែADB បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ច សម្រាប់តំបន់នេះនៅត្រឹម៤,៨ភាគរយដដែលសម្រាប់ឆ្នាំក្រោយ។
តំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍ សំដៅទៅលើប្រទេសចំនួន៤៦ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន អូស្ត្រាលី និងនូវែលសេឡង់។
លើសពីនេះធនាគារADB ក៏បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចចិនឡើងដល់៥,២ ភាគរយ បើធៀបនឹងការព្យាករណ៍ពីមុន៤,៩% ប៉ុន្តែADB បានរក្សាការព្យាករណ៍ កំណើនសេដ្ឋកិច្ចចិន ស្ថិតក្នុងរង្វង់៤,៥ភាគរយដដែលសម្រាប់ឆ្នាំក្រោយ។
ជាក់ស្តែង សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងកម្រិតលឿនជាងការរំពឹងទុកចំនួន៤,៩ភាគរយ នៅក្នុងត្រីមាសទី៣ ខណៈដែលការប្រើប្រាស់ និងសកម្មភាពឧស្សាហកម្ម នៅក្នុងខែកញ្ញាក៏មានការកើនឡើងគួរឱ្យភ្ញាក់ផ្អើលផងដែរ។
ធនាគារ ADB បានបន្តថា តម្រូវការក្នុងស្រុកដ៏រឹងមាំ ការផ្ទេរទូទាត់ប្រាក់កាន់តែរឹងមាំ ការងើបឡើងវិញនៃវិស័យទេសចរណ៍កំពុងជំរុញសកម្មភាពសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីដែលកំពុងអភិវឌ្ឍ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថែមថា អតិផរណានៅក្នុងតំបន់អាស៊ី កំពុងអភិវឌ្ឍន៍ត្រូវបានព្យាករណ៍ថា នឹងថយចុះមកនៅត្រឹម៣,៥ភាគរយនៅឆ្នាំនេះ មុនពេលកើនឡើងបន្តិចទៅដល់៣,៦ភាគរយនៅឆ្នាំ២០២៤ខាងមុខ៕