ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ដែលមានទុនប្រមាណ១២លានដុល្លារវិយោគនៅកម្ពុជាលើវិស័យផលិតកាបូប ខ្សែក្រវ៉ាត់ និង ប្រព័ន្ធសូឡា។
យោងតាមសេចក្តីប្រកាសរបស់ CDC តាមបណ្តាញទំនាក់ទំនងសង្គមបានឲ្យដឹងនារសៀលថ្ងៃទី២៥ កុម្ភៈនេះថា គណកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគំរោងវិនិយោគរបស់ក្រុមហ៊ុនចំនួនបី ដូចជា ១-“LOON WAI TEXTILE CO.,LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨០១កន្លែង។
២-“UNION LEATHERWARE M.F.Y CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុន វិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.២៤៥កន្លែង។
៣-“TEUK DEY MEK INDUSTRIES CO.,LTD.”គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះ និងប្រព័ន្ធសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល វិនិយោគប្រមាណ ៦,៥ដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២១៣កន្លែង៕