ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានព្រមព្រៀងគ្នាលើចំណុចរួមចំនួន៣ ក្នុងគោលបំណងសម្រួលដល់ការផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញបម្រើឱ្យវិស័យកាត់ដេរទាំងអស់ និងដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាធានីភ្នំពេញ ចេញផ្សាយកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ មកនេះបានគូសបញ្ជាក់ជូន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ថា រដ្ឋបាលរាជធានីភ្នំពេញ ពុំមានវិធានការឱ្យរើរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ បម្រើឱ្យវិស័យកាត់ដេរទាំងអស់ដែលមានស្រាប់ ទៅទីតាំងជាយក្រុងឡើយ ដោយត្រូវបន្តចង្វាក់ ផលិតកម្មនៅលើទីតាំងបច្ចុប្បន្ននេះជារៀងរហូត។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសំណូមពរដល់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ឱ្យជួយចលនាដល់វិនិយោគិន ដែលមានបំណងបង្កើតរោងចក្រថ្មី ទៅសាងសង់នៅតំបន់ជាយក្រុង ឬនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
ក្រោយជំនួបពីការពិភាក្សាគ្នារួចមក ភាគីទាំងពីរបានឯកភាពដូចលើចំណុចសំខាន់ៗមួយចំនួន ដូចជា ទី១ បង្កើតក្រុមការងាររួមដែលមានសមាសភាពខាង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា ដើម្បីប្រជុំកំណត់ប្រភេទ និងទំហំរថយន្តដឹកទំនិញធុនធ្ងន់ចេញ-ចូលរាជធានីភ្នំពេញ តម្រាយផ្លូវហាមឃាត់ និងកំណត់ពេលវេលាម៉ោងចេញ-ចូល សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។
ទី២ ក្រុមការងាររួមនេះ នឹងធ្វើការប្រជុំរៀងរាល់មួយខែម្តង ឬបីខែម្តងតាមការចាំបាច់ ដើម្បីពិភាក្សារកដំណោះស្រាយ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ និងដោះស្រាយបញ្ហាកង្វល់របស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ។ និងទី៣ ចំពោះការសាងសង់រោងចក្រ ដែលមានក្រឡាផ្ទៃក្រោម ៣,០០០ម៉ែត្រក្រឡា (បីពាន់ម៉ែត្រការ៉េ) រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយសម្រួលបែបបទ តាមសេវាច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ សំដៅជួយកាត់បន្ថយពេលវេលា ដើម្បីឆាប់បានដំណើរការសាងសង់។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានសរសេរនៅក្នុងគេហទំព័រហ្វេសបុកផ្លូវការរបស់ខ្លួនកាលពីម្សិលមិញនេះ បានឲ្យដឹងដែរថា យោងតាមការស្រាយបំភ្លឺរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺដើម្បីកំណត់គោលដៅក្នុងការរៀបចំ និងកែលម្អទីក្រុងនាពេលអនាគត។
GMAC បន្តថា វាមិនមានន័យថារោងចក្របច្ចុប្បន្ន ដែលមានទីតាំងក្នុងទីក្រុងភ្នំពេញត្រូវតែរើចេញនៅពេលនេះទេ។ រោងចក្របច្ចុប្បន្នដែលមានទីតាំង ក្នុងទីក្រុងភ្នំពេញអាចនៅបន្តសកម្មភាពផលិតកម្មបាន ប៉ុន្តែបញ្ហាគឺថានៅត្រឹមរឺក្រោយឆ្នាំ២០២១ ពេលដែលផ្លូវក្រវ៉ាត់ក្រុងទី៣ត្រូវបានសាងសង់រួច ពុំមានឡានកុងតឺន័រធំណានឹងត្រូវបានអនុញ្ញាតអោយចូលទីក្រុងបានឡើយ លើកលែងតែឡានត្រាក់តូចៗ ដែលទំហំនិងសមត្ថភាពដឹករបស់វានឹងត្រូវកំណត់ដោយគណៈកម្មការបច្ចេកទេស។
សំរាប់គំរោងវិនិយោគថ្មី គឺមានការលើកទឹកចិត្តអោយទៅបោះទីតាំងនៅក្រៅផ្លូវក្រវ៉ាត់ក្រុងទី៣៕