ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកស៊ុន ចាន់ថុលឧបនាយករដ្ឋមន្រ្តី ជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថា គម្រោងស្ថាបនាផ្លូវជាតិ៥០C ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ គឺជាជាគម្រោងអាទិភាពសម្រាប់ឆ្នាំ២០២៤នេះ។
លោកបានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាឱ្យគម្រោងនេះ ឈានទៅដល់ការចរចាតម្លៃ និងសម្រេចបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ។
ថ្លែងនាពិធីបិទសន្និបាតបូកសរុបវាយតម្លៃ ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់អំពីទិសដៅការងារសំខាន់ៗ និងសកម្មភាពចម្បងៗ ដែលបានកំណត់នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់ក្រសួង។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា គម្រោងទាំងនោះរួមមាន គ្រោងអនុវត្តគម្រោងជួសជុល ថែរទាំកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដែលនឹងត្រូវស្ថាបនាឡើងវិញនាពេលខាងមុខ។
ត្រៀមអនុវត្តគម្រោងសាងសង់ កំណាត់ផ្លូវជាតិលេខ៦ (ត្រពាំងធំ-ស្លក្រាម), កំណាត់ផ្លូវជាតិលេខ៧ (រមាត-ត្រពាំងគ្រៀល), ផ្លូវជាតិលេខ៨ (ព្រែកតាមាក់-ក្រែក), ផ្លូវជាតិលេខ៥០សេ (កំពង់ឆ្នាំង-កំពង់ធំ) និងស្ពានឆ្លងកាត់ទន្លេសាប ផ្លូវជាតិលេខ៥៧ (បាត់ដំបង-អូរព្រះ), ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាដុំ), ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-អូរស្មាច់)។
ផ្លូវវាងក្រុងសៀមរាប ផ្លូវជាតិលេខ៧០បេ (ទន្លេបិទ-ស្រីសន្ធរ-ព្រែកតាមាក់-ក្រុងអរិយក្សត្រ-ល្វាឯម-ពាមរក៍) ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ផ្លូវក្រវាត់ក្រុងទី៣ ផ្នែកខាងកើត និងស្ពានឆ្លងទន្លតភ្ជាប់នឹងផ្លូវក្រវាត់ក្រុង និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េជាដើម។
លោកស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោង ដែលលោកប៉េង ពោធិ៍នា បានលើកឡើងជាច្រើន ដើម្បីសម្រេចក្នុងឆ្នាំ២០២៤នេះ លោកស៊ុន ចាន់ថុល យល់ឃើញថាក្រសួងគួរតែ សម្រេចឱ្យបានការចរចាឱ្យបានចប់សព្វគ្រប់មួយគម្រោងសិន។
ក្នុងន័យនេះ ថ្នាក់ដឹកនាំរូបនេះ អះអាងថា នៅក្នុងឆ្នាំ២០២៤នេះ គឺធ្វើយ៉ាងណាសម្រេចឱ្យបាននូវ ការចរចាឱ្យបានចប់សព្វគ្រប់ ឬសម្រេចឱ្យបាននូវ ការបើកការដ្ឋានសាងសង់ផ្លូវ ៥០C តភ្ជាប់ពីពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដ្បិតថាគម្រោងនេះត្រូវបានប្រមុខរាជដ្ឋាភិបាលកម្ពុជា ប្រកាសជាគម្រោងអាទិភាពបំផុតក្នុងឆ្នាំនេះ។
លោកស៊ុន ចាន់ថុល គម្រោងស្ថាបនាផ្លូវ ៥០សេនេះ ក៏ត្រូវបានឯកឧត្តម ប៉ែង ពោធិ៍នា ធ្វើលិខិតទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ហើយដែរដើម្បីដាក់បញ្ចូល ជាគម្រោងសម្រាប់ឆ្នាំ២០២៤។
តាមផែនការដែលក្រសួងសាធារណការ ធ្លាប់បានប្រកាស គម្រោងសាងសង់ផ្លូវជាតិលេខ៥០សេនេះ មានប្រវែងប្រមាណ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពានប្រវែង ៣៣០០ម៉ែត្រ ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ជាមួយខេត្តកំពង់ធំ ឆ្លងកាត់បឹងទន្លេសាប។ និងគម្រោងប្រើប្រាស់ រយៈពេលកសាងប្រមាណ៥ឆ្នាំ និងត្រូវចំណាយថវិកាសរុបប្រមាណ២៥០លានដុល្លារ៕