ក្រុមហ៊ុនFocus Consortium កំពុងសិក្សាលំអិតលើគំរោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី

0

        ដោយៈ គង់ ហ្វីអូណា

        មណ្ឌលគិរីៈ ក្រុមហ៊ុនទទួលសិទ្ធិសិក្សា គម្រោងវិនិយោគព្រលានយន្តហោះ និងទីក្រុងរណបនៅខេត្តមណ្ឌលគិរី កំពុងដំណើរការសិក្សាលម្អិត មុនឈានដល់ការសម្រេចបោះទុនវិនិយោគ។

អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុន FOCUS Consortium ជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យសិក្សាគម្រោងវិនិយោគព្រលានយន្តហោះ និងទីក្រុងរណបនៅខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្ននេះ កំពុងធ្វើការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដំណើរការសិក្សាលម្អិតទាំងគម្រោងអភិវឌ្ឍន៍ និងទំហំទុនដែលត្រូវវិនិយោគ។

លោកបញ្ជាក់ថា “រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាននិងកំពុងសហការជាមួយសម្ព័ន្ធក្រុមហ៊ុនFocus ក្នុងការរៀបចំអភិវឌ្ឍន៍គម្រោងស្របតាមច្បាប់ និងនិតីវិធីជាធរមានកម្ពុជា”។

លោកបានឲ្យដឹងថា ក្រុមហ៊ុននឹងទទួលបានសិទ្ធិសិក្សា និងវិនិយោគ លើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម និងផ្ទេរ (BOT) និងការអភិវឌ្ឍន៍ទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាស នៅខេត្ដមណ្ឌលគិរី។

ក្រុមហ៊ុន Focus ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រឯ.ក គឺជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលមានចូលរួមពីវិនិយោគមកពីម៉ាឡេស៊ី ចិន និងអារ៉ាប់។

លោកបញ្ជាក់ថា ការឈានទៅដល់ការដាក់ទុនវិនិយោគ លើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងការអភិវឌ្ឍទីក្រុងរណបពហុបំណង នៅខេត្តមណ្ឌលគិរី គឺអាស្រ័យទៅលើការសិក្សា ប្រសិនបើក្រុមហ៊ុននេះសិក្សារកឃើញថា ដំណើរការល្អនោះនឹងឈានទៅដល់ការវិនិយោគ។

រាជរដ្ឋាភិបាលធ្លាប់បានអនុញ្ញាត ឱ្យក្រុមហ៊ុនចិនChina Power ធ្វើការសិក្សាលើគម្រោងវិនិយោគអាកាសយានដ្ឋាន នៅខេត្តមណ្ឌល គិរីនេះ។ នៅពេលនោះ ព្រលានយន្ដហោះខេត្តមណ្ឌលគីរី គ្រោងសាងសង់លើផ្ទៃដី៣០០ហិកតា មានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ​ដែលតាមការប៉ាន់ស្មានអាចនឹងចំណាយទុន វិនិយោគប្រមាណ៨០លានដុល្លារ។

ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ លោកស៊ីន ចាន់សិរីវុត្ថាបានបញ្ជាក់ប្រាប់គេហទំព័រPropertyarea.asiaថា គំរោងនេះត្រូវការចំណាយពេលសិក្សារយៈពេលប្រមាណ១ឆ្នាំ ទើ​បក្រុមហ៊ុនអាចសិក្សាលំអិត និងសម្រេចថា អាចបោះទុនវិនិយោគបានឬយ៉ាងណា ហើយអ្វីៗត្រូវដាក់ឆ្លងកាត់រដ្ឋាភិបាល​ពិនិត្យ និងសម្រេចតាមនិតិវិធី ជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here