ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូព៌ា អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) របស់សហភាពអ៊ឺរ៉ុប បានបង្ហើបពីវិស័យសំខាន់ៗ ដែលកម្ពុជាអាចទាក់ទាញការវិនិយោគពីតំបន់អឺរ៉ុប។
លោក Peteris Ustubsបានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីដើមសប្តាហ៍នេះ។
ក្នុងជំនួបនោះ លោក Peteris Ustubs បានលើកឡើងផងដែរអំពីទស្សនកិច្ចទាក់ទាញវិនិយោគិន ដែលកម្ពុជាអាចរៀបចំបានក្នុងសហភាពអ៊ឺរ៉ុប ដែលមាន២៧ប្រទេស ដោយក្នុងនោះលោកបានលើកទឹកចិត្តកម្ពុជា ឱ្យជ្រើសយកវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្ហាញជូនវិនិយោគិន។
លោក Peteris Ustubs ក៏បានបន្តជម្រាបជូនពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុប ដែលបច្ចុប្បន្នផ្ដោតលើគម្រោងអភិវឌ្ឍន៍បៃតង និងបច្ចេកវិទ្យា។
ជាមួយគ្នានេះ លោកIgor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផងដែរ។
លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា ស្ថានភាពកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហភាពអឺរ៉ុប ហាក់មានកម្រិតតិចតួចនៅឡើយ គឺស្ថិតក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥៤០លានដុល្លារ បានពី៦២ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គិតចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន។
លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសហភាពអឺរ៉ុបអំពីជំហររបស់កម្ពុជា ដែលបើកចំហរស្វាគមន៍ រាល់គ្រប់វិនិយោគិនទាំងអស់ចូលមកវិនិយោគលើគ្រប់វិស័យ និងមានការលើកទឹកចិត្តលើវិស័យមួយចំនួនផងដែរ។ កម្ពុជាបានទទួលវិនិយោគិន រួចរាល់ពីប្រទេសនានារួមមានសហរដ្ឋអាមេរិក កូរ៉េ ជប៉ុន ចិន ព្រមទាំងប្រទេសផ្សេងៗជាច្រើនទៀត ដែលក្នុងនោះកម្ពុជាចង់ឱ្យវិនិយោគិន ពីតំបន់អឺរ៉ុបចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនតំណាងសហភាពអឺរ៉ុប អំពីផែនការអភិវឌ្ឍន៍ជាតិនានារបស់រដ្ឋាភិបាល ដើម្បីគាំទ្រដល់វិស័យឯកជន រួមមាន លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការសាងផ្លូវជាតិ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ និងពិសេសផែនការមេ គ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ មានចំនួន១៧៤គម្រោង ដែលក្រុមហ៊ុនឯកជនពីសហភាពអឺរ៉ុប អាចពិនិត្យលទ្ធភាពក្នុងការវិនិយោគបានផងដែរ៕