ការស្ទង់មតិ: វិស័យអចលនទ្រព្យកំពុងទទួលបានភាពទាក់ទាញ ក្នុងចំណោមអ្នកវិនិយោគនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនសេវាហិរញ្ញវត្ថុ State Street ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានអះអាងថា វិនិយោគិននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បន្តប្តេជ្ញាចិត្ត ក្នុងការបង្កើនការវិនិយោគទៅលើទ្រព្យសម្បត្តិឯកជន ជាពិសេសគឺអចលនទ្រព្យ និងបំណុលឯកជន។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនខាងលើ បង្ហាញថា ក្នុងចំណោមអ្នកវិនិយោគ ដែលមានមូលដ្ឋាននៅតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១២០រូប ក្នុងនោះ ចំនួន៥៨ភាគរយរំពឹងថា អតិផរណានឹងបន្តកើនឡើងនៅក្នុងតំបន់ ខណៈដែលចំនួន៦៥ភាគរយ រំពឹងថា កំណើននៃការចំណាយលើការខ្ចីប្រាក់អាចបង្កបញ្ហាប្រឈមដ៏ធំចំពោះផលចំណេញត្រឡប់មកវិញពីការវិនិយោគលើទីផ្សារឯកជន(private-market investments)។ប៉ុន្តែ ថ្វីបើមានបញ្ហាម៉ាក្រូទាំងនេះយ៉ាងណាក្តី ក៏ស្ថាប័នហិរញ្ញវត្ថុនៅទូទាំងតំបន់នៅតែមានសុទិដ្ឋិនិយមចំពោះទីផ្សារឯកជន ដោយបញ្ជាក់ថា ពួកគេគ្រោងនឹងបង្កើនការបែងចែកដើមទុនវិនិយោគនៅក្នុងរយៈពេលខ្លី និងមធ្យមទៅលើអចលនទ្រព្យ និងបំណុលឯកជន។

លោក Eric Chng ប្រធានផ្នែកពាណិជ្ជនីយកម្មការពារហានិភ័យសកលនៅក្រុមហ៊ុន State Street បានលើកឡើងថា “បំណុលឯកជនគឺជាប្រភេទទ្រព្យសកម្មដ៏ទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយចំនួន៧៨ភាគរយនៃអ្នកវិនិយោគទាំងនោះ គ្រោងនឹងបង្កើនការបែងចែកដើមទុនរបស់ពួកគេក្នុងរយៈពេលខ្លី”។លោក Chng បានបន្តថា “ទ្រព្យសម្បត្តិឯកជននឹងកាន់តែមានសារៈសំខាន់នៅក្នុងផលប័ត្ររបស់វិនិយោគិន។ ការបង្វែរការបែងចែកផលប័ត្រពីទ្រព្យសម្បត្តិសាធារណៈទៅកាន់ទ្រព្យសម្បត្តិឯកជនត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ”។

ចំណែកឯ អចលនទ្រព្យ ដែលជាផ្នែកដ៏សំខាន់មួយទៀតស្ថិតក្រោមទ្រព្យសម្បត្តិឯកជន ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគនៅតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ដោយ ចំនួន៦៤ភាគរយនៃអ្នកវិនិយោគទាំងនោះ រំពឹងថា ខ្លួននឹងបង្កើនការវិនិយោគលើអចលនទ្រព្យក្នុងរយៈពេលមធ្យម។

របាយការណ៍ដដែលបានបញ្ជាក់បន្ថែមថា “សញ្ញាសុទិដ្ឋិនិយមនេះប្រហែលជាត្រូវបានជំរុញ ដោយសារការរំពឹងទុកថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន នឹងវិលត្រឡប់ទៅរកកំណើនឡើងវិញទៅតាមពេលវេលា”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here