ដោយ: គង់ លាងហួរ
អន្តរជាតិ: ចំនួនការិយាល័យបែបគ្រួសារចិន(Family Office)នៅប្រទេសសិង្ហបុរី បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈប្រទេសនេះកំពុងបង្កើនការត្រួតពិនិត្យ លើការដាក់ពាក្យស្នើសុំបង្កើតការិយាល័យគ្រួសារចិនថ្មី។
ការធ្លាក់ចុះនេះ គឺបានកើតឡើងដោយសារតែមានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ពីសំណាក់រដ្ឋាភិបាលសិង្ហបុរី ទៅលើប្រជាពលរដ្ឋចិនមួយចំនួន ដែលជាប់ពាក់ព័ន្ធទៅនឹងអំពើលាងលុយកខ្វក់ កាលពីឆ្នាំមុនរួចមក។
ជាក់ស្តែង កាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅ អាជ្ញាធរសិង្ហបុរី បានបើកប្រតិបត្តិការបង្ក្រាប ទៅលើអំពើលាងលុយកខ្វក់ ដោយនៅពេលនោះប៉ូលិសសិង្ហបុរី បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន១០នាក់ និងបានរឹបអូសទ្រព្យសម្បត្តិសរុប ជាង២ពាន់លានដុល្លារអាមេរិក។
ក្នុងចំណោមជនសង្ស័យទាំងនោះ ប៉ូលិសរកឃើញថា មានជនសង្ស័យមួយចំនួន បានជាប់ពាក់ព័ន្ធនឹងការិយាល័យ គ្រប់គ្រងទ្រព្យសម្បត្តិរបស់គ្រួសារប្រហែល១.៤០០កន្លែង នៅក្នុងប្រទេសសិង្ហបុរី។
លោក Loh Kia Meng ដៃគូជាន់ខ្ពស់នៅក្រុមហ៊ុនច្បាប់ Dentons Rodyk ក្នុងប្រទេសសិង្ហបុរី បានមានប្រសាសន៍ឱ្យដឹងថា “ចំនួនប្រហែល១០% នៃការិយាល័យគ្រួសារទាំងនេះ ជាការិយាល័យគ្រួសារ ដែលដោះស្រាយបញ្ហាប្រាក់កាក់របស់បុគ្គល ឬក្រុមគ្រួសារដែលមានដើមកំណើតមកពីប្រទេសចិន”។
លោកបានព្យាករណ៍ថា នាពេលខាងមុខចំនួនការិយាល័យបែបគ្រួសារ នឹងមិនមានការប្រែប្រួលអ្វីនោះទេ ប៉ុន្តែលោកជឿជាក់ថា អត្រាកំណើនពិតជាធ្លាក់ចុះ ដោយសារតែមានការរឹតបន្តឹង ទៅលើការបើកការិយាល័យគ្រួសារថ្មី។
តើការិយាល័យគ្រួសារ ឬ Office Family ជាអ្វី?
ការិយាល័យគ្រួសារ ជាក្រុមហ៊ុនប្រឹក្សាគ្រប់គ្រងទ្រព្យសម្បត្តិឯកជន ដែលបម្រើបុគ្គល និងក្រុមគ្រួសារអ្នកមានទ្រព្យស្តុកស្តម្ភយ៉ាងតិច៣០លានដុល្លារឡើងទៅ។ ការិយាល័យគ្រួសារត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយតម្រូវការពិសេស និងភាពស្មុគស្មាញ ដែលភ្ជាប់មកជាមួយ នូវទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់។
ការិយាល័យទាំងនេះ មិនត្រឹមតែផ្តល់សេវាកម្មហិរញ្ញវត្ថុធម្មតាប៉ុណ្ណោះទេ តែការិយាល័យទាំងនេះ ក៏រួមបញ្ចូលនូវមុខងារជាច្រើន ដូចជាការគ្រប់គ្រងការវិនិយោគ ការគ្រប់គ្រងទ្រព្យសម្បត្តិ ការធ្វើផែនការអចលនទ្រព្យ ការគ្រប់គ្រងពន្ធ និងសប្បុរសធម៌៕ប្រភព: SCMP៕