មន្រ្តីជំនាញចុះទស្សនកិច្ចសិក្សាប្រវត្តិសាស្ត្រ និងការជួសជុលប្រាសាទនៅខេត្តចំនួនបីនាភូមិភាគពាយ័ព្យ

0

ដោយៈ ជន អរិយ

ពាយ័ព្យៈ មន្រ្តីជំនាញនៃក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ បានចុះទស្សនកិច្ចសិក្សា និងការជួសជុលប្រាសាទបុរាណនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

ការចុះទស្សនកិច្ចសិក្សានេះ ដឹកនាំដោយលោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ អមដោយលោកអនុប្រធាននាយកដ្ឋាន មន្ត្រីបច្ចេកទេស និងពលករជំនាញ សរុបចំនួន១០នាក់ ដែលកំពុងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ។

-->

គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺស្វែងយល់អំពីប្រវត្តិសាស្ត្រ ប្រាសាទបុរាណ ការគ្រប់គ្រងសមុច្ច័យបុរាណវត្ថុ ការគ្រប់គ្រងរមណីយដ្ឋាន និងការដ្ឋានជួសជុលប្រាសាទនានា ដើម្បីពង្រឹងសមត្ថភាពបន្ថែម លើជំនាញអភិរក្ស និងជួសជុលប្រាសាទដល់មន្រ្តីបច្ចេកទេស និងពលករជំនាញដែលកំពុងអនុវត្តន៍ការងារ នៅរមណីយដ្ឋានប្រាសាទព្រះវិហា។

ដំណើរទស្សនកិច្ចសិក្សានេះ មានរយៈពេល៥ថ្ងៃនេះ ហើយទទួលបានបទពិសោធល្អៗជាច្រើន អំពីការរៀបចំការដ្ឋា​ន ការអន្តរាគមន៍សង្រ្គោះរចនាសម្ព័ន្ធប្រាសាទ  បច្ចេកទេសអភិរក្ស និងជួសជុលប្រាសាទថ្មភក់ ដូចជា ប្រាសាទបាសែត ប្រាសាទវត្តឯកភ្នំ ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ប្រាសា​ទភ្នំបាណន់ សារមន្ទីរខេត្តបាត់ដំបង សារមន្ទីរវត្តពោធិ៍វាល  ប្រាសាទស្នឹង សារមន្ទីរខេត្តបន្ទាយមានជ័យ ប្រាសាទបន្ទាយទ័ព ប្រាសាទបន្ទាយឆ្មា កំពង់ទឹកប្រាសាទមេបុណ្យ និងចុងក្រោយប្រាសាទតាមាន់។

ដំណើរទស្សនកិច្ចនេះជាផ្នែកមួយ នៃគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ ដំណាក់កាលទី៤ ដែលទទួលបានការឧបត្ថម្ភ ពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ (Ambassadors Fund for Cultural Preservation – AFCP) តាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា៕