ថៃដាក់ចេញយុទ្ឋនាការដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនចំនួន៣,៥លាននាក់ក្នុងរយៈពេល៤ខែចុងក្រោយ

0

ថៃដាក់ចេញយុទ្ឋនាការដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនចំនួន៣,៥លាននាក់ក្នុងរយៈពេល៤ខែចុងក្រោយ

ដោយ: គង់ លាងហួរ

បាងកក: ប្រទេសថៃបានចាប់ផ្តើមសកម្មភាព ផ្សព្វផ្សាយទេសចរណ៍ជាបន្តបន្ទាប់ជាមួយក្តីសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរណ៍ចិន ចំនួន៣,៥លាននាក់ ក្នុងរយៈពេល៤ខែចុងក្រោយនៃឆ្នាំនេះ ដើម្បីបំពេញឱ្យគ្រប់គោលដៅកំណត់ ក្នុងឆ្នាំ២០២៤។

ថៃ ក្នុងឋានៈជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ ក្នុងតំបន់អាស៊ាន បានកំណត់គោលដៅ ទាក់ទាញភ្ញៀវទេសចរណ៍ចិនចំនួន៨លាននាក់នៅឆ្នាំនេះ។ គិតមកទល់ពេលបច្ចុប្បន្ន ថៃបានទទួលជនជាតិចិនចំនួន៤,៥៥លាននាក់រួចមកហើយ ដោយសារគោលនយោបាយលើកលែងទិដ្ឋាការទៅវិញទៅមក។នេះបើយោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT)

សារពត៌មាន The Nation  បានរាយការណ៍ថា លោក ThapaneeKiatphaibool ប្រធានអាជ្ញាធរទេសចរណ៍ថៃអះអាងថា ក្រុមមន្ត្រីទេសចរណ៍ថៃ នឹងសហការជាមួយក្រុមអ្នកមានឥទ្ធិពលល្បី លើបណ្តាញសង្គម (Influencer)ជាង១០០នាក់ នៅក្នុងប្រទេសចិន ដើម្បីបង្កើនកិត្យានុភាពទេសចរណ៍ថៃ។

លើសពីនេះ អាជ្ញាធរទេសចរណ៍ថៃ គ្រោងរៀបចំផ្សព្វផ្សាយសកម្មភាពកំសាន្តនៅថៃ តាមរយៈវេទិកាអនឡាញ ដូចជា ប្រព័ន្ធផ្សព្វផ្សាយសង្គម Little Red Book បណ្តាញសង្គម Weibo កម្មវិធី Tiktok និងវេទិកាចែករំលែកវីដេអូអនឡាញ BiliBili

លើសពីនេះ អាជ្ញាធរថៃ និងភ្នាក់ងារវេទិកាកក់ដំណើរទេសរណ៍ ដ៏ពេញនិយមបំផុតរបស់ប្រទេសចិន នឹងផ្តល់ជូននូវការផ្សព្វផ្សាយ ដូចជាការផ្តល់ជូនពិសេស ប័ណ្ណបញ្ចុះតម្លៃ និងវត្ថុអនុស្សាវរីយ៍ ចាប់ពីខែកញ្ញាដល់ខែធ្នូ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិន កក់ការធ្វើដំណើរទៅកាន់ប្រទេសថៃ។

រហូតមកទល់ពេលនេះ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសសរុប ចំនួន២១,៧លាននាក់ ដោយចំនួនភ្ញៀវទេសចរណ៍ចិន និងម៉ាឡេស៊ីជាចំនួននាំមុខគេ។

នៅក្នុងឆ្នាំ២០១៩ មុនពេលផ្ទុះជំងឺរាតត្បាត ថៃបានទាក់ទាញអ្នកដំណើរបរទេស ចំនួន៣៩,៩លាននាក់ ដោយបង្កើតប្រាក់ចំណូលបាន១,៩១ទ្រីលានបាត (ប្រហែល៥១,៩ពាន់លានដុល្លារ) ខណៈសេដ្ឋកិច្ចថៃពឹងផ្អែកខ្លាំង ចំពោះវិស័យទេសចរណ៍៕ប្រភព: Vnexpress

LEAVE A REPLY

Please enter your comment!
Please enter your name here